ឡានអគ្គិសនី Chevrolet Bolts ត្រូវហាមឃាត់មិនឲ្យចតនៅព្រលានយន្តហោះ ព្រោះហេតុផលមួយនេះ

ខណៈពេលដែលការប្រមូលយកចូលរោងចក្រវិញរបស់ក្រុមហ៊ុន General Motors សម្រាប់រថយន្ត Chevrolet Bolt EV នៅតែបន្ត ព្រលានយន្តហោះមួយឈ្មោះថា Northwest Arkansas National Airport នៅរដ្ឋ Arkansas កំពុងមានការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពខុសពីធម្មតា ដើម្បីការពារសាធារណជន ពីរថយន្តអគ្គិសនីខាងលើ ដែលអាចឆេះជាយថាហេតុបាន។

ដូចដែលបានឃើញតាមរយៈស្លាកខាងលើ ព្រលានយន្តហោះនោះបានសរសេរថា “ដើម្បីសុវត្ថិភាពអតិថិជន៖ ដោយសារក្រុមហ៊ុន General Motors ហៅរថយន្ត Chevrolet Bolt EV ត្រលប់ទៅវិញ ដូច្នេះម្ចាស់រថយន្តត្រូវបន្តទៅបន្ទប់គិតលុយធំ ដើម្បីទទួលបានការណែនាំ សម្រាប់កន្លែងចត។ សូមអរគុណចំពោះការអនុលោមរបស់អ្នក! “។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ព្រលានយន្តហោះខាងលើ បានបញ្ជាក់ថា ស្លាកសញ្ញានោះត្រូវបានដាក់ចាប់តាំងពីថ្ងៃទី ៣ ខែតុលាមក។

យ៉ាងណាមិញ ក្រុមហ៊ុន General Motors ក៏ណែនាំទៅដល់ម្ចាស់រថយន្តផងដែរថា កំណត់ការសាកភ្លើងត្រឹម ៩០ ភាគរយបានហើយ, សាករថយន្តឲ្យបានទៀងទាត់ និងចៀសវាងកុំឲ្យអស់ថ្មក្រោម ៧០ ម៉ាយល៍។ ដោយសារហានិភ័យនៃការឆាបឆេះ ដូច្នេះម្ចាស់រថយន្ត Bolt EV កំពុងត្រូវបានក្រុមហ៊ុន General Motors ព្រមានថា កុំទុកឲ្យរថយន្ត Bolt EV របស់ពួកគេបញ្ចូលភ្លើងក្នុងផ្ទះមួយយប់ចោល និង ចតចោលនៅខាងក្រៅភ្លាមៗបន្ទាប់ពីសាកថ្មរួច។

គួរឲ្យដឹងដែរថា ចាប់តាំងពីរថយន្ត Bolt EV ត្រូវបានឆាបឆេះដំបូង កាលពីខែសីហាឆ្នាំមុនមក ក្រុមហ៊ុន General Motors បានហៅរថយន្ត Bolt EV ដែលត្រូវបានផលិតនៅចន្លោះស៊េរីឆ្នាំ ២០១៩-២០២១ ត្រលប់មកវិញ ហើយនឹងផ្លាស់ប្តូរអាគុយថ្មីឲ្យគ្រប់ម៉ូដែលតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម