រថយន្ត Audi R8 ទំនងជាអាចរស់នៅដល់ជំនាន់ទី៣ ប៉ុន្តែវាអាចនឹងមានភាពខុសប្លែកពីម៉ូដែលជំនាន់បច្ចុប្បន្ន។
គួររំលឹកឲ្យដឹងថា កាលពីរថយន្ត R8 បង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៦ វាមានបំពាក់ម៉ាស៊ីនចំណុះ ៤,២លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក វាក៏បានបង្ហាញខ្លួនជាមួយនឹងម៉ាស៊ីនថ្មី គឺ ម៉ាស៊ីនចំណុះ ៥,២លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង សម្រាប់ជំនាន់ទី២ ក្នុងឆ្នាំ២០១៥។ ពេលនោះ ជម្រើសម៉ាស៊ីន ៨ស៊ីឡាំង ឬ V8 ត្រូវបានបោះបង់ចោល ដោយមានតែជម្រើសម៉ាស៊ីនទំហំ ១០ស៊ីឡាំង ឬ V10 ប៉ុណ្ណោះ។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍ថ្មីមួយបានអះអាងថា រថយន្ត Audi R8 ជំនាន់ទី៣ ទំនងជាពាំនាំយកនូវម៉ាស៊ីន V8 មកវិញ ជាមួយនឹង Twin-Turbo ដែលស្រដៀងទៅនឹង Lamborghini Urus។ ប្រភពដដែលបានបង្ហាញថា ម៉ាស៊ីននោះទំនងជាអាចផលិតកម្លាំងបានប្រហែល ៧០០សេះឯណោះ ដោយមានជំនួយពីប្រព័ន្ធ Hybrid។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានលម្អិតបន្ថែមអំពីម៉ាស៊ីននោះឡើយ ប៉ុន្តែបង្ហើបថា R8 ជំនាន់ថ្មី អាចនឹងចេញនៅឆ្នាំ២០២៣ ហើយក៏ទំនងជាផ្តល់ជម្រើសអគ្គិសនីទៀតផង៕