Lexus យកឡាន LX 600 ដាក់តាំងនៅអាមេរិកជាលើកដំបូង

ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញរថយន្ត LX ជំនាន់ថ្មីម៉ូដែល LX 600 ជាលើកដំបូងនៅទីផ្សារសហរដ្ឋអាមេរិក ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត SEMA ដែលបានធ្វើ​ឡើងកាលពីថ្មីៗកន្លងទៅនេះ។

រថយន្តដែលដាក់តាំងបង្ហាញនេះគឺជាប្រភេទ F Sport ដែលមានជាលើកដំបូងសម្រាប់ម៉ូដែល LX ដោយក្នុងនោះវាមានបំពាក់កង់ទំហំ ២២អ៉ីញ ហើយវាមានក្រូម៉េផ្ទាំងប៉ាណាខាងមុខពណ៌ខ្មៅរលោង ដែលមើលទៅទាក់ភ្នែកជាទីបំផុត។ នៅផ្នែកខាងក្នុងវិញក៏មើលទៅទំនើបណាស់ដែរ ដោយមានអេក្រង់កម្សាន្តទំហំ ១២,៣អ៉ីញ រួមជាមួយអេក្រង់ទំហំ ៧អ៉ីញមួយទៀតស្ថិតនៅខាងក្រោម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

LX 600 ស៊េរីឆ្នាំ២០២២ បានផ្លាស់ប្ដូរមកប្រើម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលជំនួសឲ្យម៉ាស៊ីនចាស់ ៥,៧លីត្រ និង៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៨៣សេះ។ វាមានប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរផងដែរ។

នៅសហរដ្ឋអាមេរិក Lexus LX 600 នឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅត្រីមាសដំបូងនៃឆ្នាំ២០២២ ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែគេរំពឹងថាតម្លៃវានឹងឡើងថ្លៃលើសពីម៉ូដែលចាស់ដែលមានចាប់ពី ៨៦ ៩៣០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម