ភ្លើងសញ្ញាលើតាប្លូរថយន្តមានច្រើនប្រភេទ ដែលបញ្ជាក់នូវអត្ថន័យផ្សេងៗពីគ្នា។ យ៉ាងណាភ្លើង ៣ ប្រភេទខាងក្រោមនេះទាមទារឲ្យអ្នកបើកបរយកចិត្តទុកដាក់បំផុត នៅពេលសុខៗវាលោតឡើងលើតាប្លូ។
១. ភ្លើងព្រមានពីសីតុណ្ហភាពម៉ាស៊ីន
ភ្លើងនេះលោតឡើងដើម្បីព្រមានដល់អ្នកបើកបរថាសីតុណ្ហភាពម៉ាស៊ីនឡើងលើសពីកម្រិតធម្មតា។ ត្បិតថាវាបញ្ជាក់ពីកើនឡើងនៃសីតុណ្ហភាពម៉ាស៊ីន ប៉ុន្តែនៅពេលដែល Sensor វាស់កម្ដៅម៉ាស៊ីនមានបញ្ហា ឬ បញ្ជូនទិន្នន័យមិនត្រឹមត្រូវ ក៏ភ្លើងនេះលោតឡើងដែរ។
ម៉ាស៊ីនឡើងកម្ដៅខ្លាំងអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការម៉ាស៊ីនធ្ងន់ធ្ងរ ហេតុនេះគួរអែបរថយន្តចូលកន្លែងសុវត្ថិភាព។ បន្ទាប់មកពិនិត្យមើលធុងទឹកនៃម៉ាស៊ីនរថយន្តពីបរិមាណទឹក ប្រសិនបើមានតិចតួចព្យាយាមចាក់បំពេញ។ បើសិនបញ្ហាមិនអាចដោះស្រាយបាន គួរទាក់ទងទៅកាន់យានដ្ឋានដើម្បីសណ្ដោងរថយន្តទៅពិនិត្យ។
២. ភ្លើងប្រេងម៉ាស៊ីន
ភ្លើងនេះលោតឡើងនៅពេលដែលបរិមាណប្រេងរំអិលក្នុងម៉ាស៊ីនមានកម្រិតតិចតួច ធ្វើឲ្យខ្វះជាតិរំអិលសម្រាប់ដំណើរការគ្រឿងម៉ាស៊ីនដែលរវៃ។ ដូចនេះប្រសិនបើភ្លើងសញ្ញាលោតឡើង អ្នកត្រូវបញ្ឈប់រថយន្តហើយស្វែងរកជំនួយទើបប្រសើរ។
៣. ភ្លើងអាគុយ
ភ្លើងនេះមិនសូវធ្ងន់ធ្ងរដូចជាភ្លើងទាំងពីរខាងលើទេ ប៉ុន្តែក៏ត្រូវដោះស្រាយឲ្យបានឆាប់បំផុតដែរ។ ភ្លើងនេះលោតឡើងនៅពេលដែលអាគុយជិតអស់ថាមពល មិនគ្រប់គ្រាន់សម្រាប់ការបញ្ឆេះម៉ាស៊ីន។
ប្រសិនភ្លើងនេះលោតឡើងពេលកំពុងបើកបរសុខៗ អ្នកមិនត្រូវពន្លត់រថយន្តនោះឡើយ ត្រូវបើកបរឲ្យដល់ផ្ទះ ឬ យានដ្ឋានជួសជុល ព្រោះម៉ាស៊ីនរថយន្តអាចនឹងមិនឆេះម្ដងទៀតនោះទេ៕