បែកធ្លាយរូបរាងរបស់រថយន្ត Suzuki S-Cross ស៊េរីថ្មី ឆ្នាំ២០២២

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវរូបភាពនៃការត្រៀមមកដល់ថ្ងៃនៃរថយន្ត Suzuki S-Cross ជំនាន់ថ្មីជាប្រភេទរថយន្ត SUV សម្រាប់ទីផ្សារអឺរ៉ុបនៅថ្ងៃទី ២៥ ខែវិច្ឆិការនេះ ប៉ុន្តែមុនពេលមកដល់នៃការបង្ហាញខ្លួនផ្លូវការនៃរថយន្ត SUV នេះ មានរូបភាពជាច្រើននៃរថយន្តនេះត្រូវបានចែកចាយលើប្រព័ន្ធអ៊ីនធឺណេតចេញពីកន្លែងលក់រថយន្តរបស់ក្រុមហ៊ុន Suzuki ផ្ទាល់។

រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះជារថយន្តលក្ខណះគ្រួសារដែលមានរូបរាងតូចជាងរថយន្តម៉ាក Vitara បន្តិចហើយបច្ចុប្បន្មរថយន្តនេះទទួលបានការ​អភិវឌ្ឍន៍កាលពីឆ្នាំ ២០១៩ ដោយបានបន្ថែមប្រព័ន្ធ mild hybrid system​។ ក្នុងនោះផងដែរ រថយន្តនេះធ្លាប់បានបង្ហាញខ្លួននៅឆ្នាំ ២០១៣ ហើយបានប្តូររូបរាងថ្មីនៅក្នុងឆ្នាំ ២០១៧។ ការផ្លាស់ប្តូរបែបនេះធ្វើឲ្យទីផ្សារថយន្តប្រភេទ SUV របស់ Suzuki កាន់តែប្រសើរនៅលើទីផ្សាអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាពបែកធ្លាយជាច្រើនរបស់រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះ​ មានលក្ខណះរាងជ្រុងជាងមុន​ដោយបំពាក់ជាមួយចង្កៀងមុខប្រភេទ​ LED​ ដែលយកលំនាំតាមម៉ូដែល​រថយន្ត XL6 ខណៈប៉ាណាមុខមានទំហំធំជាងមុនអូសភ្ជាប់ទៅដល់កាងផ្នែកខាងមុខ និងមានចង្កៀងខាងក្រោយឌីស្សាញថ្មីធំជាងមុន។

រថយន្ត Suzuki S-Cross នេះត្រូវគេរំពឹងថានឹងបំពាក់ម៉ាស៊ីន turbocharged ចំណុះ ១,៤លីត្រ ប្រភេទ Boosterjet ភ្ជាប់ជាមួយនឹងប្រភេទអាគុយម៉ាក mild-hybrid ៤៨វ៉ុល អាចផលិតកម្លាំងសរុបបាន ១២៧សេះ​​ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ។ បន្ថែមជាមួយប្រព័ន្ធ AllGrip Select 4-wheel ដែលធ្វើឲ្យរថយន្តនេះបើកបរលើផ្លូវដែល ពិបាក​ (Off-road​) កាន់តែល្អប្រសើរ និងប្រព័ន្ធមុខងារជំនួយការបើកបរ Advance Driver Assistance (ADAS) ដូចទៅនឹងម៉ូដែលត្រកូល Suzuki នៅលើទីផ្សារអឺរ៉ុបផ្សេងទៀត។

រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៥ ខែ វិច្ចិកាខាងមុខនេះ ខណៈទីផ្សារអឺរ៉ុបត្រូវបានរំពឹងថានឹងចេញលក់នៅប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់បង្ហាញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម