រថយន្តអគ្គិសនី និងរថយន្តវ៉ែនប្រណីតបានក្លាយជាភាពពេញនិយមបំផុតមួយនៅប្រទេសចិន ហេតុនេះហើយទើបក្រុមហ៊ុន Maxus បានដាក់បញ្ចូលពីរចំណុចនេះទៅក្នុងរថយន្ត Maxus Mifa 9 ដែលជារថយន្តវ៉ែនអគ្គិសនីដ៏ប្រណីតមួយ។
រថយន្តវ៉ែននេះមានប្រវែង ៥២៧០ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣២០០ម.ម ដែលមានន័យថាវាមានទមហំធំជាងរថយន្ត Mercedes-Maybach GLS ទៅទៀត។
ចូលដល់ផ្នែកខាងក្នុងនៃរថយន្តនេះវាមានបំពាក់ដោយផ្ទាំងអេក្រង់សរុបចំនួន១០ រួមទាំងអេក្រង់សម្រាប់កៅអីអង្គុយខាងក្រោយ និងអេក្រង់នៅកន្លែងដាក់ដៃផងដែរ។ បន្ថែមពីនេះកៅអីអង្គុយចំនួន៦ ដែលមានឃ្លាតឆ្ងាយគ្នាគឺមានមុខងារ Power ដែលអាចបត់បែនបានច្រើនរបៀប។ កៅអីអង្គុយទាំងអស់អាចបន្ថែមមុខងារកម្ដៅ បញ្ចេញខ្យល់ និងមុខងារម៉ាស្សាផងដែរ។
រថយន្តនេះក៏មានបំពាក់ដោយអាគុយចំណុះ ៩០kWh ដែលអាចឲ្យវាបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ហើយក្រុមហ៊ុន Maxus ក៏បានប្រកាសពីផែនការប្រកាសចេញប្រភេទបើកបរបានឆ្ងាយនៅឆ្នាំ២០២៣ ដែលនឹងអាចបើកបរបានលើសពី ៦៥០គីឡូម៉ែត្រ។
ដំណឹងបន្ថែមទៀតពីរថយន្តនេះនៅមានតិចតួចនៅឡើយ ប៉ុន្តែការដឹកជញ្ជូននៅប្រទេសចិនរំពឹងថាចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំក្រោយ ជាមួយតម្លៃចាប់ពីប្រមាណ ៤២ ២៥៦ដុល្លារ ដល់ប្រមាណ ៥៩ ៤៧៨ដុល្លារ ហើយវាក៏នឹងមានដាក់លក់នៅលើទីផ្សារអឺរ៉ុបផងដែរ៕