ក្រុមហ៊ុន Peugeot បានធ្វើការអាប់ដេតលើរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីអាចឲ្យពួកវាបើកបរបានចម្ងាយកាន់តែឆ្ងាយជាងមុន តាមរយៈការកែកុនដ៏វៃឆ្លាត។
ក្រុមហ៊ុន Peugeot បានប្រកាសថា រថយន្តអគ្គិសនី Peugeot e-208 ឆ្នាំ២០២២ នឹងមានចម្ងាយបើកបរឆ្ងាយជាងមុន ២២គីឡូម៉ែត្រ ហើយ Peugeot e-2008 អាចបើកបានឆ្ងាយជាងមុណ ២៥គីឡូម៉ែត្រ បើប្រៀបធៀបជាមួយនឹងស៊េរីឆ្នាំ២០២១។
ចំនួននេះមានន័យថា វាប្រសើរជាងមុនប្រហែល ៧% សម្រាប់ម៉ូដែល e-208 ដែលមានចម្ងាយបើកបរសរុប ៣៦២គីឡូម៉ែត្រ និង ៨% សម្រាប់ម៉ូដែល e-2008 ដែលមានចម្ងាយបើកបរសរុប ៣៤៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ដើម្បីអាចសម្រេចបាននូវសម្មិផលនេះឡើង ទី១ Peugeot បានបំពាក់សម្បកកង់ដែលមានប្រសិទ្ធភាពជាងមុន ពោលគឺ សម្បកកង់កម្រិត “A+” ដែលមានភាពធន់ទ្រាំនឹងការរំកិលទាប។ ទី២ Peugeot បានបំពាក់ម៉ាស៊ីនបូមកំដៅថ្មី រួមជាមួយនឹងឧបករណ៍ចាប់សញ្ញាសំណើម ដែលបានដំឡើងនៅផ្នែកខាងលើនៃកញ្ចក់មុខ នឹងធ្វើឲ្យម៉ាស៊ីនត្រជាក់ និងប្រព័ន្ធកំដៅកាន់តែមានប្រសិទ្ធភាព ប្រសើរឡើង។ ចុងក្រោយ Peugeot បានកែកុនទៅលើប្រអប់លេខ (gearbox ratio) ធ្វើឲ្យវាកាន់តែមានភាពប្រសើរនៅលើផ្លូវហាយវេ។
សូមបញ្ជាក់ថា រថយន្ត Peugeot e-208 និង e-2008 ឆ្នាំ២០២២ ប្រើប្រាស់គ្រោងឆ្អឹង eCMP, បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៥០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៤សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ៕