ឡានអគ្គិសនី BMW i4 ចេញលក់មុនកាលកំណត់៣ខែ

រយៈពេលជាងមួយខែបន្ទាប់ពីរថយន្ត BMW i4 មួយគ្រឿងដំបូងរំកិលខ្លួនចេញពីរោងចក្រនៅប្រទេសអាល្លឺម៉ង់រួចមក នាពេលនេះរថយន្តបានចាប់ផ្ដើមការដឹកជញ្ជូនជូនដល់អតិថិជនជាបណ្ដើរៗហើយ ដែលការដឹកជញ្ជូននេះគឺលឿនមុនកាលកំណត់ចំនួន៣ខែ ខណៈដែល BMW ផ្ទាល់ក៏កំពុងត្រៀមការប្រគល់ជូនរថយន្ត BMW iX គ្រឿងដំបូងគេនៅសប្ដាហ៍ក្រោយនេះផងដែរ។

រថយន្ត i4 ជាមួយរថយន្ត iX គឺជា​ការ​ឲ្យសញ្ញាអំពី​យុគសម័យថ្មីសម្រាប់ BMW និងជាការចាប់​ផ្ដើម​ដំណើរការជាថ្មី​​នូវឈ្មោះ “i” ដែលតំណាងឲ្យអគ្គិសនី បន្ទាប់ពីការសាកល្បងជាមួយរថយន្ត i3 និងរថយន្ត i8 រួចមក។ នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុន BMW បានបង្ហាញការរំពឹងទុកថាចំនួនលក់ចេញសរុបនៃរថយន្តរបស់ខ្លួនលើសកលលោក នឹងមានជាង ៥០% ជារថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត i4 ប៉ុន្មានគ្រឿងដំបូងបានដឹកជញ្ជូនជូនអតិថិជននៅក្នុងកម្មវិធីពិសេសមួយដែលបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន BMW ដោយម្ចាស់រថយន្តត្រូវបានអញ្ជើញឲ្យចូលរួម​ក្នុងកម្មវិធីដែលមានព័ទ្ធជុំវិញដោយរថយន្តអគ្គិសនី។

BMW i4 មានចែកចេញជាពីរប្រភេទ រួមមានប្រភេទម៉ូទ័រមួយ ដែលផលិតកម្លាំងបាន ៣៣៥សេះ និងអាចបើកបរបានចម្ងាយប្រមាណ ៥៩០គីឡូម៉ែត្រ ហើយមួយទៀតគឺប្រភេទម៉ូទ័រភ្លោះ អាចផលិតកម្លាំងបាន ៥៣៦សេះ និងបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម