យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងតែអភិវឌ្ឍរថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី សម្រាប់ទីផ្សារប្រទេសចិន ដោយសហការណ៍ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តចិន BYD។
បើយោងតាមសារព័ត៌មាន Reuters បានបង្ហាញថា រថយន្តអគ្គិសនីទី២ របស់ Toyota ខាងលើ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ជាមួយនឹងតម្លៃប្រកួតប្រជែងមួយ, កាប៊ីនខាងក្នុងធំទូលាយ និង រូបរាងបែប Sedan ដែលកំពុងតែពេញនិយមសម្រាប់អតិថិជនចិន។
យ៉ាងណាមិញ រថយន្ត Sedan អគ្គិសនី ត្រូវបានគេរាយការណ៍ថា នឹងមានទំហំធំជាងរថយន្ត Corolla បន្តិច ហើយផ្តល់នូវកន្លែងកៅអីខាងក្រោយធំទូលាយជាង។
គួរឲ្យដឹងថា រថយន្តរបស់ Toyota នោះ នឹងប្រើបច្ចេកវិទ្យាអាគុយ LFP (Blade lithium-iron-phosphate battery technology) របស់ក្រុមហ៊ុន BYD ដែលអនុញ្ញាតឲ្យវាអាចដាក់លក់ក្នុងតម្លៃសមរម្យ។ ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា វានឹងស្ថិតក្រោមរថយន្តប្រភេទ Premium Sedan ដូចជា Tesla Model 3 ឬ Nio ET7 ហើយមានតម្លៃប្រហែលខ្ទង់ ៣ម៉ឺនដុល្លារប៉ុណ្ណោះ៕