ទោះមិនមានប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន​ តែ R1T និង R1S អាចសាកថ្មបានរហូតដល់ ២១០ គីឡូវ៉ាត់

យោងតាមឯកសារដែលទទួលបានមកពីការធ្វើតេស្តរបស់ភ្នាក់ងារ EPA ត្រូវបានរកឃើញដោយ Rivian Owners Forum បានបញ្ជាក់ថារថយន្ត Rivian ទាំង ២ម៉ូដែល ពុំមានបំពាក់ប្រព័ន្ធបញ្ចុះកំដៅអគ្គិសនីទេ នេះ​ជា​ការ​ធ្វេសប្រហែស​មួយ ខណៈពេល​ដែល​ម៉ូដែល Tesla បច្ចុប្បន្ន​ទាំងអស់​មាន​បំពាក់​នូវប្រព័ន្ធបញ្ចុះកំដៅ ដូច​នឹង Lucid Air ផងដែរ។

ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនសម្រាប់រថយន្តអគ្គិសនីអាចដំណើរការមុខងារផ្សេងៗគ្នា សម្រាប់ម៉ូដែលTesla Model Y វាអាចស្រូបកំដៅពីប្រព័ន្ធមួយចំនួនដូចជា ប្រព័ន្ធអាគុយ និងប្រព័ន្ធម៉ុទ័រ ក្នុងនោះវាក៏មានប្រយោជន៍ជាពិសេសនៅសីតុណ្ហភាពត្រជាក់ខ្លាំង ហើយអាចប្រើដើម្បីកំដៅកោសិកាអាគុយជាមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឯកសាររបស់ភ្នាក់ងារ EPA ក៏បង្ហាញផងដែរថា R1T មានថាមពលក្នុងការសាកបានរហូតដល់ ២១០​​ គីឡូវ៉ាត់ Rivian បញ្ជាក់ថា R1T អាចបើកបានចម្ងាយ ២២៥ គីឡូម៉ែត្រ ក្នុងរយៈពេល ២០ នាទីតាមរយៈឆ្នាំងសាកថាមពល ២០០ គីឡូវ៉ាត់។ មូលហេតុសំខាន់ដែល R1T មិនផ្តល់ការសាកថ្ម ៣៥០ គីឡូវ៉ាត់ ដូច GMC Hummer EV និង Hyundai Ioniq 5 គឺវាបំពាក់ជាមួយប្រព័័ន្ធអគ្គិសនីកម្លាំង ៤០០វ៉ុល មិនមែនជាប្រព័ន្ធអគ្គិសនីកម្លាំង ៨០០វ៉ុល។

ក្នុងនោះដែរក៏ត្រូវបានគេបង្ហាញថា R1T មានទម្ងន់ ៣,១៥២ គីឡូក្រាម ខណៈដែល R1S ប្រភេទ SUV មានទម្ងន់ ៣,១៣៧ គីឡូក្រាម ជាមួយនឹងការផលិត Rivian R1T ដែលកំពុងដំណើរការ ក្រុមហ៊ុនផលិតរថយន្តនេះបង្ហាញខ្លួនជាសាធារណៈនៅដើមខែវិច្ឆិកា ដោយបច្ចុប្បន្ននេះវាមានទីផ្សារភាគហ៊ុនជាង ១០១ ពាន់លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម