ឡានអគ្គិសនី Hyundai Ioniq 5 នឹងដាក់លក់នៅឥណ្ឌូណេស៊ីឆ្នាំក្រោយ ជាមួយតម្លៃប្រមាណជាង៥ម៉ឺនដុល្លារ

បន្ទាប់ពីទទួលបានជោគជ័យលើទីផ្សារអឺរ៉ុប និងក្រោយពីបានប្រកាសចេញតម្លៃលក់សម្រាប់ទីផ្សារអាមេរិករួចមក នាពេលនេះរថយន្ត Hyundai Ioniq 5 ត្រូវបានបញ្ជាក់ថានឹងមានដាក់លក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីនាអំឡុងឆ្នាំក្រោយនេះជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៥៦ ០០០ដុល្លារ។

លោក Lee Kang Hyung ជានាយកប្រតិបត្តិ Hyundai Asia បានបញ្ជាក់ថារថយន្តអគ្គិសនីនេះនឹងត្រូវដំឡើងនៅប្រទេសឥណ្ឌូណេស៊ីចាប់ពីខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅរោងចក្រមួយកន្លែងដែលទើបតែសម្ពោធកាលពីថ្មីៗកន្លងទៅនេះតែប៉ុណ្ណោះ ដែលនៅរោងចក្រនេះមានផលិតរថយន្ត Creta ស៊េរីឆ្នាំ២០២២ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ioniq 5 បានចេញលក់ដំបូងគេនៅកូរ៉េខាងត្បូងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ ដែលវាជារថយន្តអគ្គិសនីដំបូងរបស់ Hyundai ដែលមានប្រើប្រាស់គ្រោងឆ្អឹង E-GMP ជាគ្រោងឆ្អឹងផលិតសម្រាប់រថយន្តអគ្គិសនីផ្ទាល់។ មកទល់ពេលនេះរថយន្តបានចេញលក់លើទីផ្សារធំៗជាច្រើន រួមមានអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។

ចំណុចដ៏ទាក់ទាញខ្លាំងរបស់ Ioniq 5 គឺមានរចនាបថរូបរាងប្លែកទាក់ភ្នែក, មានកៅអីអង្គុយចំនួន៥ប៉ុន្តែកាប៊ីនខាងក្នុងមានលក្ខណៈធំទូលាយខ្លាំង និងជាពិសេសគឺសមត្ថភាពសាកភ្លើងល្បឿនលឿន ៨០០វ៉ុល ដែលជាទូទៅមានតែនៅលើរថយន្តតម្លៃថ្លៃៗប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម