ឡានដំណើរការដោយថាមពលពន្លឺព្រះអាទិត្យរបស់ Lightyear អាចបើក ១ខែមិនបាច់សាកភ្លើង

ស្របពេលរថយន្តដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដំបូង Lightyear One Pioneer Edition ត្រៀមចូលផលិតកម្មនាឆ្នាំក្រោយ ជាមួយតម្លៃរហូតដល់ ១៦៩ ៩០២ដុល្លារ។ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏នឹងផ្តល់នូវជម្រើសថ្មី ជាមួយម៉ូឌែលទី២ របស់ខ្លួន ដែលនឹងផលិតឡើងនៅឆ្នាំ ២០២៤ ឬ ២០២៥។

សម្រាប់ម៉ូឌែល One គឺជារថយន្តអគ្គិសនីនាអនាគត ដែលបានបំពាក់ដោយផ្ទាំងសូឡាចំនួន ៥ម៉ែត្រ ដែលក្រុមហ៊ុន Lightyear បានអះអាងថានឹងអនុញ្ញាតអោយម្ចាស់រថយន្តអាចបើកបរមួយខែ​ដោយមិនចាំបាច់សាកភ្លើង ខណៈពេលរថយន្តអាចបើកបរបាន ១២គីឡូម៉ែត្រនៅពេលស្ថិតក្រោមពន្លឺថ្ងៃចំនួន ១ម៉ោង លើសពីនេះ បើសិនជាសាកអាគុយពេញវាអាចបើកបរបានចម្ងាយ ៧២៥គីឡូម៉ែត្រ បើយោងតាមការតេស្តនៅលើ WLTP Cycle។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលក្រុមហ៊ុនពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតអំពីរថយន្ត Two នៅឡើយ ដោយគ្រាន់តែបង្ហាញថា រថយន្តនេះនឹងផ្តល់ជូននៅលើទីផ្សារជុំវិញពិភពលោក រួមបញ្ជូលទាំងអ៊ឺរ៉ុប និងសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ៣៣ ៧៧៩ដុល្លារ។ ក្នុងនោះផងដែរ ក្រុមហ៊ុន Lightyear ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយ LeasePlan ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មរថយន្ត ដែលនឹងធ្វើការកក់រថយន្តអគ្គិសនី Lightyear Two ដែលនឹងបង្ហាញខ្លួននាឆ្នាំ ២០២៤ ឬ ២០២៥ ចំនួន ៥០០០គ្រឿង ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ។

នាយកប្រតិបត្តិក្រុមហ៊ុន Lightyear លោក Lex Hoefsloot បាននិយាយថា “LeasePlan គឺជាដៃគូដ៏រឹងមាំសម្រាប់យើងតាំងពីឆ្នាំ២០១៨ ។ សេចក្តីប្រកាសថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ពួកគេចំពោះចក្ខុវិស័យផលិតផលរបស់យើង ដើម្បីផលិតរថយន្តដែល Clean សម្រាប់មនុស្សគ្រប់គ្នា ។”

ព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានគេរំពឹងថានឹងចេញមកនៅឆ្នាំក្រោយ ខណៈពេលនេះ ក្រុមហ៊ុនកំពុងផ្តោតលើ Lightyear One៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម