ដោយឃើញជោគជ័យរថយន្តអគ្គិសនីខ្នាតតូច Wuling HongGuang Mini EV ដែលជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសចិន ក្រុមហ៊ុន Dongfeng បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចមួយដែរ ដែលជាម៉ូដែល FenGuang Mini EV មានរូបរាងស្រដៀងនឹងរថយន្ត HongGuang Mini EV ដែរ។
Dongfeng FenGuang Mini EV មានប្រើប្រាស់រចនាបថបែបជ្រុងៗ ដែលមានប្រវែងសរុប ២៩៩៥ម.ម ទទឹងសុរប ១៤៩៥ម.ម កម្ពស់ ១៦៤០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ១៩៦០ម.ម ហាក់វែងជារថយន្ត HongGuang Mini EV ដែលជាគូប្រជែង។
រថយន្តនេះដែរមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន៣៤សេះ ដែលល្មមគ្រប់គ្រាន់សម្រាប់ការបើកបរក្នុងក្រុង ហើយកម្លាំងនេះដែរគឺខ្លាំងជាងរថយន្តគូប្រជែងដែលមានកម្លាំងត្រឹម ២៧សេះ។ យ៉ាងណាក្ដីទាក់ទងនឹងទំហំអាគុយ និងរយៈចម្ងាយបើកបរ នៅមិនទាន់ដឹងនៅឡើយទេ។
មួយវិញទៀត ទាក់ទងនឹងតម្លៃក៏មិនទាន់បានប្រកាសចេញដែរ ប៉ុន្តែរំពឹងថានឹងមានតម្លៃធូរថ្លៃ អាចប្រមាណខ្ទង់ ៥០០០ដុល្លារ ដើម្បីអាចប្រកួតប្រជែងនឹងរថយន្ត Wuling Hongguang Mini EV ក៏ដូចជាកូនរថយន្តអគ្គិសនីដទៃទៀត ខណៈដែលរថយន្តនេះរំពឹងថានឹងចេញលក់នៅអំឡុងឆមាសដំបូងនៃឆ្នាំ២០២២៕