(ទីផ្សាររថយន្តក្នុងស្រុក) យោងតាមគណនី Facebook របស់ទីប្រឹក្សាផ្នែកលក់ប្រចាំក្រុមហ៊ុន Ford Cambodia ដែលមានឈ្មោះ Samben RE បានធ្វើកាប្រកាសអំពីការទទួលការកក់ទុកមុននូវរថយន្តភីកអាប់ Ford Ranger សេរ៊ីថ្មីឆ្នាំ ២០២៣ ដែលជាម៉ូឌែលមួយត្រូវបានទទួលការឌីស្សាញថ្មីទៅលើផ្នែកខាងក្នុង ខាងក្រៅ និងសម្ថភាពនៃការបើកបរ។
សម្រាប់ទីផ្សារប្រទេសកម្ពុជាផ្សារ យើងពុំទាន់ដឹងព័ត៌មានច្បាស់ការណ៍នៅឡើយ ថាតើនឹងមានជម្រើសម៉ូឌែល, ជម្រើសម៉ាស៊ីន និងតម្លៃបែបណា ប៉ុន្តែបើយោងតាមប្រភពមិនច្បាស់ការ បានធ្វើការបង្ហើបឡើងនូវតម្លៃនៃរថយន្តឆ្នាំ ២០២៣នេះ ជាមួយតម្លៃប្រមាណខ្ទង់ ៥ម៉ឺនដុល្លារ(ក្រាស់)។
សូមបញ្ជាក់ផងដែរ ក្រុមហ៊ុន Ford សហរដ្ឋអាមេរិច បានធ្វើការប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Ranger សេរ៊ីឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២១ កន្លងទៅ ជាមួយលក្ខណៈពិសេសៗជាច្រើន ដូចជា៖
- រូបរាងនៃការរចនាផ្នែកខាងក្រៅ: រថយន្ត Ford Ranger ជំនាន់ថ្មីត្រូវបានឌីស្សាញឡើងជាមួយភាពលេចធ្លោ ជាមួយនឹងការរចនាប៉ាណាថ្មីស្រឡាង ដែលកាត់តាមភីកអាប់ខ្នាតតូច Maverick និងភីកអាប់ខ្នាតធំ F-150 បូករួមនឹងចង្កៀងមុខប្រភេទ C-Clamp ដែលត្រូវបានរចនាជារាងអក្សរ C ប្រភេទ Matrix LED ជំនាន់ចុងក្រោយ និងប្រព័ន្ធភ្លើង Zone Lighting ដែលផ្តល់នូវពន្លឺមួយជុំរថយន្ត។ ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុង ដោយមានភាពធំទូលាយជាងមុនដោយការរចនាបានយកគំរូតាម Ford F-150 ជាពិសេសនោះគឺបានឌីស្សាញមកជាមួយនឹងអក្សរផុសធំ RANGER បន្ថែមជាមួយទ្រុងក្រោយដែលភ្ជាប់មកជាមួយរន្ធសាកថ្មទំហំធំដែលងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ និងកាន់តែពិសេសជាមួយកាងលម្អឌីស្សាញថ្មី និងឈ្នាន់ជាន់នៅចំហៀងកាងផ្នែកខាងក្រោយ (Rear Load Box Access Step) ដែលអនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុន យីរកនឹកឃើញ សុំសរសើរម៉ង។
- ផ្នែកខាងក្នុង: ខណៈពេលរថយន្តនេះមានប្រវែងសរុប និងប្រវែងទទឹងវែងជាងមុន ៥០មម ហេតុនេះផ្នែកខាងក្នុងត្រូវបានឌីស្សាញថ្មី ដែលមានលក្ខណៈទូលាយ ទំនើប និងផាសុកភាពជាងមុន ជាមួយការប្រើប្រាស់នូវស្បែកប្រណិត និងបំពាក់ជាមួយអេក្រង់កម្សាន្តបញ្ឈនៅចំកណ្តាលដែលមានទំហំរហូតដល់ ១២អ៊ីញ រួមជាមួយកុងទ័រឌីជីថលរចនាថ្មីទំហំ ៨អ៊ីញ, កន្លែងសាកថ្មឥតខ្សែ និងរន្ធសាកថ្ម USB នៅផ្នែកខាងក្រោយផងដែរ។
- ប្រព័ន្ធបច្ចេកវិទ្យា:
- ប្រព័ន្ធកាំមេរ៉ា ៣៦០ ដឺក្រេ (360 Degree Camera View) ផ្តល់នូវរូបភាពច្បាស់ល្អបង្ហាញឡើងនៅចំកណ្តាលនៃអេក្រង់កម្សាន្តបញ្ឈដែលមានទំហំរហូតដល់ ១២អ៊ីញ។
- បច្ចេកវិទ្យា SYNC 4 ជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តភ្ជាប់អ៊ីនធឺណេតនៅពេលធ្វើដំណើរ និងភ្ជាប់ជាមួយកម្មវិធី FordPassTM ដែលវាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការបញ្ឆេះរថយន្តពីចម្ងាយ ការត្រួតពិនិត្យស្ថានភាពរថយន្ត ព្រមទាំងចាក់សោ និងដោះសោពីចម្ងាយតាមរយៈទូរស័ព្ទដៃផងដែរ។
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On and Off-Road Drive Modes) ដែលប្រព័ន្ធនេះដូចទៅនឹងរថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជាប្រព័ន្ធមួយជួយសម្រួលដល់អ្នកបើកបរអាចជ្រើស mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា៖ រអិល ខ្សាច់ ភួក និងការអូសសណ្តោងជាដើម
- ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake) ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន
- ចង្កឹះលេខជំនាន់ថ្មីរូបរាងរចនាថ្មីបែបស្ព័រ បូករួមជាមួយនឹងប្រព័ន្ធប្តូរលេខអេឡិចត្រូនិច (All New E-Shifter) ដែលមានប្រអប់លេខ ១០វគ្គអូតូ និងអាចប្រើប្រាស់លេខដៃរហូតដល់ទៅ ៦ លេខ។
- ជម្រើសម៉ាស៊ីនៈ យោងតាមការប្រកាសពីក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្រ្តាលី បានអោយដឹងថា
- Ford បានផ្តល់ជូននូវជម្រើសម៉ាស៊ីនជូនអតិថិជន ចំនួន ៤ ជម្រើសដែលរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២.៣លីត្រ EcoBoost ៤ស៊ីឡាំង ដែលវាជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីនសាំងប្រភេទ EcoBoost លើរថយន្ត Ford Ranger Pickup
- ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣.០លីត្រ V6 Turbodiesel សម្រាប់អតិថិជនចង់បានជម្រើសនៃថាមពល និងកម្លាំងបង្វិលជុំបន្ថែមទៀត សម្រាប់ការអូសសណ្តោង ដឹកទំនិញធ្ងន់ៗ និងការបើកបរលើផ្លូវមានឧបសគ្គ
- ម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbo មួយ ដែលផ្តល់នូវថាមពលកម្លាំងបង្វិលជុំ និងសន្សំសំចៃប្រេងដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ទូទៅ និងបែបអាជីវកម្មខ្នាតតូច និងមធ្យម។
- ម៉ាស៊ីនម៉ាស៊ូតប្រភេទ Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង៕