Sony កំពុងស្វែងរកដៃគូ ដើម្បីសម្រួលដល់ការប្រឡូកចូលទីផ្សារឡានអគ្គិសនី

ក្រុមហ៊ុន Sony កំពុងស្វែងរកដៃគូបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយក្នុងការចូលប្រឡូកទៅក្នុងទីផ្សាររថយន្តអគ្គិសនី ក្រោមក្រុមហ៊ុន Sony Mobility Inc. ដែលនឹងចាប់ផ្តើមនៅនិទាឃរដូវ ឆ្នាំ ២០២២។

ដំណឹងនេះត្រូវបានចែករំលែកទៅកាន់សារព័ត៌មាន Reuters ដោយនាយកប្រតិបត្តិក្រុមហ៊ុន Sony ដែលបាននិយាយថា គោលដៅរបស់ពួកគេគឺ “ផ្លាស់ប្តូររថយន្តពី ម៉ាស៊ីនដឹកជញ្ជូន ទៅជាកន្លែងសម្រាប់កម្សាន្ត”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Izumi Kawanishi ដែលទទួលបន្ទុកផ្នែក AI Robotics របស់ក្រុមហ៊ុន Sony ហើយនឹងទទួលបន្ទុកលើក្រុមហ៊ុន Sony Mobility Inc. ឆាប់ៗនេះ បាននិយាយថា អ្វីដែលកំពុងកើតឡើងជាមួយរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ គឺស្រដៀងគ្នាទៅនឹងការបំប្លែងទូរសព្ទទៅជាស្មាតហ្វូន ដោយមានជំនួយពីបច្ចេកវិទ្យាព័ត៌មាន ដូចកាលទសវត្សរ៍ឆ្នាំ ២០០០” ។

គួរឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Sony បានដាក់បង្ហាញគំរូរថយន្តអគ្គិសនី Vision-S 02 នៅក្នុងកម្មវិធី CES 2022 ក្រោយពីបង្ហាញចេញនូវរថយន្តអគ្គិសនី Vision-S 01 កាល CES 2020។

គំរូរថយន្តទាំងពីរនេះត្រូវបានបង្កើតឡើងដោយ Magna Steyr នៅប្រទេសអូទ្រីស ដែលមានបទពិសោធន៍ច្រើន។ ក្រុមហ៊ុនផ្សេងទៀតដែលជួយក្នុងការរចនា និងអភិវឌ្ឍរថយន្ត Sony រួមមាន Bosch, Valeo និង Almotive ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម