Toyota Veloz និង Avanza ជំនាន់ថ្មីត្រៀមដាក់លក់នៅប្រទេសវៀតណាម ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់នៅចុងឆ្នាំ ២០២១ ពេលនេះក្រុមហ៊ុនផលិតរថយន្ត​​ Toyota បានធ្វើការបញ្ចេញរថយន្ត Toyota Veloz ប្រភេទ MPV ខ្នាតតូចនៅលើទីផ្សារវៀតណាមជាផ្លូវការ ដែលនឹងមានលក់នៅក្នុងខែមិនាខាងមុខនេះ ខណៈម៉ូដែលបងប្អូនបង្កើត Toyota Avanza ជំនាន់ថ្មី ក៏អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី១នៃឆ្នាំនេះផងដែរ។

ទន្ទឹមនឹងនេះ អ្នកចែកចាយរបស់ Toyota មួយចំនួនបានចាប់ផ្តើមទទួលយកការបញ្ជាទិញមុនសម្រាប់រថយន្ត Veloz និង Avanza ដោយម៉ូដែលថ្មីទាំងពីរនេះត្រូវបានគេរំពឹងថានឹងជួយក្រុមហ៊ុនផលិតរថយន្តជប៉ុនបង្កើនការទាក់ទាញរបស់ខ្លួននៃម៉ូឌែលប្រភេទ MPV ជាមួយតម្លៃប្រហែលពី ២២ ០៩៤ ដល់ ២៦ ៥១៣ ដុល្លារ សម្រាប់ការដាក់លក់នៅប្រទេសវៀតណាមនៅឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz និង Avanza ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ម៉ូដែលទាំង២នេះត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទៅនឹង DNGA ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងមានការរចនាស្រដៀងគ្នាផងដែរ។

ជាក់ស្តែង Toyota Veloz គឺជាម៉ូឌែលមួយដែលមានភាពស្ព័រ មានភាពទំនើប និងទាន់សម័យ ខណៈដែល Avanza មានលក្ខណៈសាមញ្ញជាង។ ក្រៅពីនេះ Veloz ក៏មានផ្នែកខាងក្នុងធំទូលាយ និងផាសុកភាពជាង Avanza ផងដែរ។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់ Toyota Veloz ដែលលក់ក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានឧបករណ៍វាស់ល្បឿនឌីជីថល ប្រព័ន្ធហ្វ្រាំងដៃអេលិចត្រូនិច, កន្លែងសាកថ្មឥតខ្សែ កាំមេរ៉ា ៣៦០ ដឺក្រេ និងកញ្ចប់សុវត្ថិភាពស្តង់ដា។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសវៀតណាម ទំនងជាផ្តល់អោយរថយន្តរថយន្ត Veloz និង Avanza ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ ជាមួយនឹងជម្រើសប្រអប់លេខដៃ  ៥វគ្គ ឬ ប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម