[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors គ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបង្កើនផលិតកម្មនៃរថយន្ត F-150 Lightning ជិតពីរដង។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា មហិច្ឆតារបស់ General Motors គឺច្រើនជាង Ford ទ្វេដង ដោយនាយកប្រតិបត្តិលោកស្រី Mary Barra បានប្រាប់វិនិយោគិនកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងផ្តល់រថយន្តអគ្គិសនីចំនួន ៤០០ ០០០គ្រឿង នៅអាមេរិកខាងជើងត្រឹមចុងឆ្នាំ ២០២៣។
មហិច្ឆតាទៅលើរថយន្តអគ្គិសនីរបស់ GM ចាប់ផ្តើមនៅឆ្នាំនេះ ជាមួយរថយន្តភីកអាប់អគ្គិសនី និងរថយន្ត SUV អគ្គិសនី កើនឡើងពី ៧ ០០០ គ្រឿងទៅ ៤៦ ០០០គ្រឿង ដែលជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីត្រីមាសទី៤ នៃឆ្នាំ២០២១ ដោយពេលនោះ GM បានលក់រថយន្តអគ្គិសនីដាច់ត្រឹមតែ ២៦ គ្រឿងប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន General Motors ទទួលបានការកក់ទុកជិត ២០០ ០០០ គ្រឿងរួចទៅហើយ សម្រាប់រថយន្តអគ្គិសនី GMC Hummer EV និង Silverado EV។
ក្រុមហ៊ុន GM ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅអ្នកផ្គត់ផ្គង់ថា ខ្លួនគ្រោងនឹងបង្កើនការផលិតរថយន្ត GMC Hummer EV និង Chevrolet Silverado EV ពី ៣ ៨០០ គ្រឿងដល់ ២១ ០០០ គ្រឿង៕
ប្រភព ៖ carscoops