ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Lexus បាននាំយករថយន្ត Concept ថ្មីមកតាំងបង្ហាញ ដែលមានឈ្មោះថា LF-30 ជាប្រភេទរថយន្ត SUV នាពេលអនាគត។
LF-30 មានប្រវែង ៥០៩០ ម.ម ទទឹង ១៩៩៥ ម.ម និងកម្ពស់ ១៦០០ ម.ម ហើយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣២០០ ម.ម។ ទម្ងន់របស់វាគឺ ២៤០០ គីឡូក្រាម រាងធ្ងន់បន្តិច ដោយសារតែមានបំពាក់ម៉ូទ័រអគ្គិសនីរហូតដល់ ៤ ឯណោះ ម៉ូទ័រមួយ សម្រាប់កង់មួយ។ ការរៀបចំបែបនេះ អាចឲ្យរថយន្តរត់ដោយប្រើប្រាស់កង់មុខ កង់ក្រោយ ឬកង់ទាំងអស់ក្នុងពេលតែមួយបាន ដោយផ្អែកតាមស្ថានភាពផ្លូវ។
ម៉ូទ័រអគ្គិសនីទាំង ៤ អាចបង្កើតកម្លាំងបានសរុប ៥៣៦ សេះ និងអាចបង្កើនសន្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលត្រឹម ៣,៨ វិនាទី។ ម៉ូទ័រទាំងបួន ទទួលបានថាមពលពីអាគុយ ១១០ គីឡូវ៉ាត់ម៉ោង ដែលបំពាក់នៅផ្នែកខាងក្រោមរថយន្ត។ Lexus និយាយថា LF-30 អាចរត់បានចម្ងាយ ៥០០ គីឡូម៉ែត្រ ពេលសាកបំពេញម្ដង៕