[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ កំពុងពិភាក្សាជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន អំពីការទិញយកអង្គភាពឡានបើកបរស្វ័យប្រវត្តិមួយ ក្នុងតម្លៃរាប់ពាន់លានអឺរ៉ូ។
ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ កំពុងបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ក្នុងគោលបំណងក្លាយជាអ្នកឈានមុខគេ ក្នុងអ្វីដែលមនុស្សជាច្រើនពិចារណាអំពីអនាគតនៃការចល័ត។
នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថាឧស្សាហកម្មរថយន្តនឹងមើលឃើញការបើកបរដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ ក្នុងរយៈពេល ២៥ ឆ្នាំទៀត ហើយថា ក្រុមហ៊ុនកំពុងស្វែងរកភាពជាដៃគូថ្មី ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ នៅក្នុងផ្នែក Software។
ប្រភពដដែលខាងលើបានឲ្យដឹងថា អ្នកដឹកនាំក្រុមពី Volkswagen បាននឹងកំពុងចរចាលើកិច្ចព្រមព្រៀងនេះ ដែលពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលក្រុមហ៊ុន Volkswagen មិនទាន់មានជំនាញនៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Volkswagen បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញដំណឹងមួយនេះឡើយ៕