[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors និង Cruise ដែលជាអង្គភាពបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់វា បានដាក់ញត្តិទៅនិយតករសហរដ្ឋអាមេរិក សម្រាប់ការអនុញ្ញាតឲ្យផលិត និងដាក់ពង្រាយ យានជំនិះដែលអាចបើកបរដោយខ្លួនឯង ដោយគ្មានការគ្រប់គ្រងដោយមនុស្ស ដូចជា ដៃចង្កូត ឬឈ្នាន់ហ្វ្រាំងឡើយ។
Cruise បាននិយាយថា ខ្លួនបានស្វែងរកការអនុញ្ញាតឲ្យដាក់ពង្រាយរថយន្ត Cruise Origin ដែលមិនត្រូវការលក្ខណៈពិសេស ដូចជា ដៃចង្កូត ដើម្បីដំណើរការដោយសុវត្ថិភាពនោះទេ។
គួរឲ្យដឹងដែរថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) មានសិទ្ធិអំណាចក្នុងការផ្តល់ញត្តិដើម្បីអនុញ្ញាតឲ្យយានយន្តមួយចំនួន អាចដំណើរការជាបណ្តោះអាសន្ននៅលើផ្លូវរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវការការគ្រប់គ្រងដោយមនុស្ស។
Cruise និង General Motors ធ្លាប់បានបង្ហាញគម្រោងរបស់ពួកគេជាលើកដំបូង នៅក្នុងខែតុលា ឆ្នាំ ២០២០ ថាពួកគេមានគម្រោងស្នើសុំការយល់ព្រមពី NHTSA ក្នុងរយៈពេលប៉ុន្មានខែទៀត ដើម្បីដាក់ពង្រាយ Cruise Origin ។
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន General Motors បានដាក់ញត្តិម្តងរួចហើយទៅ NHTSA ដើម្បីអនុញ្ញាតឲ្យរថយន្តដែលផលិតផ្អែកលើម៉ូដែល Chevrolet Bolt ប៉ុន្មានដោយគ្មានចង្កូត ឬឈ្នាន់ហ្វ្រាំង អាចបើកបរនៅលើផ្លូវសហរដ្ឋអាមេរិក។ ប៉ុន្តែនៅចុងឆ្នាំ ២០២០ ក្រុមហ៊ុន General Motors បានដកញត្តិវិញ៕