[បរទេស] កាលពីដើមសប្តាហ៍នេះកន្លងទៅ កប៉ាល់ Felicity Ace ដែលជាកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តរបស់ Volkswagen Group ជិត ៤ ០០០គ្រឿង បានធ្វើការឆេះឡើងនៅសមុទ្រនៃប្រទេសព័រទុយហ្គាល់ ដោយក្នុងនោះនាវិកចំនួន ២២នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកព័រទុយហ្គាល់ដោយសុវត្ថិភាព ប៉ុន្តែជោគវាសនានៃរថយន្តនៅលើកប៉ាល់ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនោះ ទំនងត្រូវបានខូចខាតយ៉ាងខ្លាំង ខណៈពេលឥឡូវនេះកប៉ាល់នេះកំពុងបន្តរសាត់នៅមហាសមុទ្រអាត្លង់ទិក ដោយពុំដឹងថាអាចសង្គ្រោះរថយន្តទាំងនេះបានឬអត់?
សម្រាប់កប៉ាល់ Felicity Ace បានចាកចេញពីកំពង់ផែ Emden ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងចុះចតនៅ Davisville រដ្ឋ Rhode Island នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ជាមួយការផ្ទុកនូវរថយន្តរបស់ Volkswagen Group ដោយរួមមាន Volkswagen, Audi, Lamborghini, Porsche និង Bugatti។ ខណៈពេល នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ កប៉ាល់នេះបានបញ្ជូនសញ្ញាអាសន្ន បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះលើកប៉ាល់។
គួរបញ្ជាក់ផងដែរថា កប៉ាល់ Felicity Ace ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានរប្រវែង ៦៥៦ហ្វីត និងទទឹង ១០៤ ហ្វីត។ វាអាចផ្ទុកបាន ១៧ ៧៣៨តោន និងអាចដឹកជញ្ជូនរថយន្តបានជិត ៤ ០០០គ្រឿង៕