[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ទើបតែបានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Yuan Plus EV របស់ខ្លួន ដែលនឹងត្រូវបានដាក់ឈ្មោះថា Atto 3 ប្រើប្រាស់ជាមួយគ្រោងឆ្អឹង 3.0 platform របស់ BYD ហើយនឹងមានលក់ជាពីរប្រភេទនៅក្នុងទីផ្សារអូស្ត្រាលីក្នុងខែកក្កដា។
ចាប់ផ្តើមជាមួយម៉ូដែល Standard Range មានតម្លៃ ៣១ ៨៣៤ ដុល្លារ។ ក្នុងនោះ រថយន្តនេះបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៥២,៥ គីឡូវ៉ាត់ម៉ោង ផ្គួមជាមួយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងមុខដែលមានកម្លាំង ២០១ សេះ និងរមួល ៣១០ ញ៉ូតុនម៉ែត្រ អាចបង្កើនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី និងមានចម្ងាយ ៤០០ គីឡូម៉ែត្រនៅលើធ្វើតេស្តសាកល្បងរបស់ NEDC ។
ចំនែកម៉ូដែល Extended មានតម្លៃចាប់ផ្តើម ៣៣ ៩៨៦ ដុល្លារ សម្រាប់ម៉ូដែលនេះមានម៉ូទ័រអគ្គិសនីខាងមុខដែលមានកម្លាំង២០១សេះ ប៉ុន្តែប្រើកញ្ចប់ថាមពលអាគុយទំហំ ៦៣.៨ គីឡូវ៉ាត់ម៉ោង អាចបង្កើនចម្ងាយរួមដល់ ៤៨០ គីឡូម៉ែត្រ។
ចំពោះផ្នែកខាងក្នុងរបស់ Atto 3 មានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៥អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ ដែលអាចបង្វិលបានរវាងទិសផ្ដេក និងបញ្ឈរ។ ក្នុងនោះក៏មានឧបករណ៍បំពងសំឡេង ៨ចំនុច, កន្លែងសាកថ្មឥតខ្សែ និងភ្ជាប់មកជាមួយ keyless entry, keyless start, portable card key, DAB digital radio, Bluetooth connectivity និងកៅអីក្រោយដែលអាចបត់បាន។
ទនឹ្ទមនឹងនេះ BYD Atto 3 ផ្តល់នូវការសាកថ្មលឿន DC ១០០kW ហើយអាចបញ្ចូលឡើងវិញក្នុងរយៈពេលប្រហែល ៤៥ នាទី។ ម៉ូដែលនេះក៏នឹងត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលីជាមួយនឹងការធានារយៈពេលប្រាំពីរឆ្នាំ និងភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន ទាំងនេះរួមមាន Automatic Emergency Braking System, Hill Descent Control, Front Collision Warning, Rear Collision Warning, Door Open Warning, Lane Departure Warning, Lane Keeping Assist, Rear Cross-Traffic Alert និង Rear Cross Traffic Brake function៕