[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញរូបភាព teaser របស់រថយន្ត Geometry E ប្រភេទ SUV ខ្នាតតូច ដែលជាអគ្គិសនីដំបូងបង្អស់ និងជំហានដំបូងរបស់ម៉ាកយីហោរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។
សម្រាប់រថយន្តអគ្គិសនី Geometry E SUV នឹងត្រូវផលិតនៅក្នុងរោងចក្រ Super Smart 4.0 ជាមួយនឹងផែនការផលិតកម្មគ្រោងសម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ។
តាមរយៈរូបភាព teaser រថយន្តអគ្គិសនី Geometry E ទទួលបានការរចនាយ៉ាងសាមញ្ញ ដោយមានប្រវែងសរុប ៤,០០៦ ម.ម, ទទឹង ១,៧៦៥ ម.ម, កំពស់ ១,៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៤៨៥ ម.ម ។ បំពាក់មកជាមួយប៉ាណាខាងមុខដែលព័ទ្ធជុំវិញពេញលេញ, ចង្កៀងមុខ LED រាងស្លីម, ស៊ុមចង្កៀងកាត់អ័ព្ទរាងមុខមូល, ថាសកង់ស្ព័រពណ៌ខ្មៅ មានរចនាប័ទ្មជាច្រើនសម្រាប់ជ្រើសរើស, ចង្កៀងខាងក្រោយត្រូវបានរចនាឡើងយ៉ាងពិសេស។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Geometry E ត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ូទ័រ drive ដែលមានកម្លាំង ៨០ សេះ ខណៈអាគុយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
សម្រាប់លក្ខណៈបច្ចេកទេសនេះ Geometry E នឹងជារថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃ។ ទោះជាយ៉ាងនេះក្តី យើងត្រូវតាមដានព័ត៌មានលម្អិតនៃបច្ចេកទេសម្តងទៀត ព្រោះនៅពេលនេះ មានព័ត៌មានតិចតួចណាស់៕