ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស្ព័រ LC ម៉ូដែលពិសេសថ្មី ដែលបំផុសគំនិតតាមភ្នំភ្លើង ដោយហៅវាថា Lexus LC Hokkaido Edition។
រថយន្ត Lexus LC Hokkaido Edition ពិសេសថ្មីនេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះ និងសម្រាប់តែទីផ្សារអឺរ៉ុប ទៀតផង។
ម៉ូដែលពិសេសនេះត្រូវបានដាក់ឈ្មោះតាមកោះ Hokkaido របស់ប្រទេសជប៉ុន ដែលវាមិនត្រឹមតែជាជម្រកនៃភ្នំភ្លើងជាច្រើនរាប់មិនអស់ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនោះក៏ជា Lexus Shibetsu ដែលរថយន្ត Lexus LFA ត្រូវបានអភិវឌ្ឍន៍ និង Lexus LC ត្រូវបានធ្វើឲ្យប្រសើរ នៅទីនោះផងដែរ។
រថយន្ត Lexus LC Hokkaido Edition នេះ នឹងផ្តល់ជម្រើស ៤ ពណ៌ គឺ Flare Red, Sonic Platinum, F White និង Graphite ជាមួយនឹងការបំពាក់យ៉ាន់កង់ទំហំ ២១អ៊ីញ និង ចង្កៀងមុខ-ក្រោយ LED។ ចំពោះម៉ូដែលបើកដំបូល អាចកុម្ម៉ង់បានជាមួយនឹងដំបូលពណ៌ក្រហម ឬ ខ្មៅ។
គួរឲ្យដឹងថា វានឹងផ្តល់ជម្រើសចំនួន ២ ម៉ូដែល គឺ LC500 ប្រើសាំង និង LC500h ប្រើ Hybrid ជាមួយនឹងតម្លៃចាប់ពី ៩៤ ១២៥ដុល្លារ សម្រាប់ម៉ូដែលប្រើសាំង និង ១០០ ១២៥ដុល្លារ សម្រាប់ម៉ូដែលប្រើ Hybrid៕