[ទីផ្សារបរទេស] ក្រុមហ៊ុន Ford Thailand បានធ្វើការដាក់បញ្ចេញរថយន្ត Ford Everest ស៊េរីឆ្នាំ ២០២២ថ្មី លក់ជាផ្លូវការក្នុងប្រទេសថៃ ដោយមាន២ម៉ូដែល Sport និង Titanium+។
សម្រាប់រូបរាងខាងក្រៅនៃម៉ូដែល Sport ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារដូចជានឹងភីកអាប់ Rangerផងដែរ ដោយមានចង្កៀងមុខប្រភេទ LED Projector អមដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងចង្កៀងក្រោយ LED។
ចំពោះផ្នែកខាងក្នុងត្រូវបានអេក្រង់ព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ ១០,១អ៊ីញ ភ្ជាប់ប្រព័ន្ធប្រតិបតិ្តការ SYNC 4A មុខងារ Apple CarPlay/Android Auto, ប្រព័ន្ធ Ford Pass Connect, កៅអីស្ព័រ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កាំមេរ៉ាមើលក្រោយ, ភ្លើងមុខបើក-បិទដោយស្វ័យប្រវត្តិ និងកាន់តែពិសេសជាមួយភ្លើងលំអខាងក្នុងផងដែរ។
ចំពោះផ្នែកម៉ាស៊ីនម៉ូដែល Sport ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៤០៥ ញូ៉តុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខអូតូ ៦វគ្គ និងមានតម្លៃចាប់ពី ៤៣ ៦៤២ ដុល្លារ។
ខណៈរូបរាងខាងក្រៅនៃម៉ូដែល Titanium+ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារបន្ថែមដូចជា ចង្កៀងមុខប្រភេទ Matrix LED projector ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED។
ផ្នែកខាងក្នុងបំពាក់ជាមួយ កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៤ អ៊ីញ អេក្រង់ Touchscreen ទំហំ ១២ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay /Android Auto, ដំបូលបើកបែប Panoramic sunroof, កៅអីជួរទីបីដែលអាចបត់បាន, កន្លែងសាកថ្មឥតខ្សែ និងកៅអីខាងមុខដែលអាចលៃតម្រូវបាន ៨ទិសដៅ ។
ខណៈពេលដែលម៉ូដែល Titanium+ ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Bi-Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៥០០ ញូ៉តុនម៉ែត្រ បញ្ជូនដោយប្រអប់លេខអូតូ ១០វគ្គ ដោយមានតម្លៃចាប់ពី ៥៥ ៣៣០ ដុល្លារ៕