[ទីផ្សារបរទេស] តម្លៃលក់នៃរថយន្ត Nissan Z ស៊េរីឆ្នាំ២០២២ នៅប្រទេសជប៉ុន ត្រូវបានលេចធ្លាយលើបណ្ដាញអនឡាញ ដែលបានដកស្រង់ចុះផ្សាយដោយវិបសាយរថយន្តជប៉ុន Creative Trend។
តាមប្រភពខាងលើបានឲ្យដឹងថារថយន្តស្ព័រស៊េរីថ្មីនេះនឹងមានលក់តម្លៃចាប់ពីប្រមាណ ៤២ ៣០០ដុល្លារ ឡើងទៅដល់ប្រមាណ ៥៦ ២៣០ដុល្លារ ដោយមានចែកចេញជាប្រាំប្រភេទផ្សេងៗគ្នា ដែលតម្លៃនេះដែរមានការកើនឡើង ២២% ទៅ ២៤% បើធៀបនឹងរថយន្ត Nissan Z ស៊េរីចាស់។
ផ្អែកតាមប្រភពដដែលបានឲ្យដឹងថារថយន្ត Nissan Z លក់នៅជប៉ុន នឹងមានមកជាស្តង់ដារនូវកង់ទំហំ ១៨អ៉ីញ, មានអេក្រង់នៅចំកណ្ដាលដែលមានទំហំ ៩អ៉ីញ, មានកុងទ័រឌីជីថលទំហំ ១២,៣អ៉ីញ, មានកៅអីអង្គុយជាប្រភេទសាច់កំណាត់, កៅអីអង្គុយអាចកំណត់ដោយប្រើដៃ, មានឧបករណ៍បំពងសំឡេងបួន និងប៊ូតុងចុចបញ្ឆេះរថយន្តជាដើម។
រថយន្ត Nissan Z ស៊េរីឆ្នាំ២០២២ នឹងមានប្រើប្រាស់ម៉ាស៊ីនប្រភេទ Twin-Turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ដែលបានយកពីម៉ាករថយន្តប្រណីតរបស់ Nissan ឈ្មោះថា Infiniti ដែលម៉ាស៊ីននេះភ្ជាប់ជាមួយប្រព័ន្ធប្រអប់លេខដៃ៦វគ្គ ឬប្រអប់លេខអូតូ៩វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ៕