[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញជាផ្លូវការនៃរថយន្ត BYD Han EV Special Limited Edition ដែលជារថយន្តផលិតក្នុងចំនួនមានកំណត់ មានតម្លៃចាប់ពី ៥១ ៧៧៣ ដុល្លារ ជាមួយនឹងតួខ្លួនពណ៌បៃតងថ្មី នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តម៉ូដែលបិសេសនេះ មានប្រវែងសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម។ រីឯ ការរចនារូបរាងផ្នែកខាងក្រៅនៅតែរក្សារូបរាងរចនាម៉ូដ Coupe Slip-Back តួខ្លួនដដែល ប៉ុន្តែបានភ្ជាប់មកជាមួយនៅរចនាម៉ូដពិសេសនៅលើតួខ្លួនពណ៌បៃតងនៅកាងខាងមុខពណ៌ខ្មៅ ដុំហ្វ្រាំង Brembo brake calipers ពណ៌បៃតង, ថាសកង់ស្ព័រពិសេសផ្តល់នៅអារម្មណ៍ប្រណីតបំផុត។
ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងដោយ Alcantara suede ដែលជាបច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំង កៅអីដែលរចនាយ៉ាងពិសេស ពណ៌បៃតង-ខ្មៅ ជាមួយនឹងឡូហ្គោ BYD HAN ។ លើសពីនេះ រថយន្តនេះត្រូវបានបំពាក់ដោយការតភ្ជាប់បណ្តាញឆ្លាតវៃ 5G DiLink 4.0 ដែលគ្របដណ្តប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot និងដៃចង្កូតមុខងារកម្តៅផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត BYD HAN EV Special Edition Limited Edition មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន ៥១៧ សេះ និងកម្លាំងរមួល ៧០០ ញូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងបួន អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩ វិនាទី និងអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងកាសាកថ្មម្តង៕