ចំណាយពេល៥ឆ្នាំ Lamborghini អាចផលិតឡាន Huracan បាន២ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្នុងអំឡុងវដ្ដជីវិតរយៈពេល១០ឆ្នាំរបស់រថយន្ត Lamborghini Gallardo គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ មានរថយន្តសរុប ១៤ ០២២គ្រឿងប៉ុណ្ណោះត្រូវបានផលិតឡើង។ ប៉ុន្តែសម្រាប់រថយន្តម៉ូដែល Huracan វិញ ក្រុមហ៊ុនចំណាយ​ពេល​ត្រឹម៥ឆ្នាំ​ដើម្បី​អាចសម្រេចបានតួលេខផលិតនេះ ហើយពេលនេះកំពុងតែអបអរសមិទ្ធផលថ្មីមួយទៀត។

ជាមួយការចំណាយពេលផលិតរយៈពេល៨ឆ្នាំ រថយន្ត Lamborghini Huracan ទីពីរម៉ឺន បានរំកិលខ្លួនចេញពីរោងចក្រ ដោយរថយន្តទីពីរម៉ឺនដែលជាម៉ូដែល Super Trofeo Omologata (STO) មានពណ៌ប្រផេះនេះ នឹងត្រូវដឹកជញ្ជូនជូនដល់អតិថិជនៅឯប្រទេសម៉ូណាកូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការបង្ហាញរបស់ Lamborghini បានឲ្យដឹងថា ៧១% នៃអតិថិជនដែលទិញរថយន្ត Huracan គឺបានជ្រើសរើសយកប្រភេទ Coupe ហើយទីផ្សារធំជាងគេរបស់ Huracan គឺនៅសហរដ្ឋអាមេរិក ដែលមានចំណែក ៣២% នៃចំនួនលក់សរុប តាមពីក្រោយដោយចក្រភពអង់គ្លេស និងប្រទេសចិន។ ត្បិតថាមានអាយុកាលយូរឆ្នាំមែន ប៉ុន្តែឆ្នាំ២០២១កន្លងទៅគឺជាឆ្នាំដែលល្អជាងគេសម្រាប់ Huracan ដែលអាចលក់រថយន្តបានសរុប ២ ៥៨៦គ្រឿង។

ជាមួយចំនួនផលិត ២ម៉ឺនគ្រឿងនេះ Huracan បានក្លាយជារថយន្ត Lamborghini ដែលអាចលក់ចេញបានច្រើនជាងគេគិតត្រឹមបច្ចុប្បន្ន។ យ៉ាងណាក្ដី មិនយូរមិនឆាប់រថយន្ត Urus នឹងដណ្ដើមបានតំណែងនេះជាមិនខាន ព្រោះថាកាលពីឆ្នាំ២០២១កន្លងទៅ Lamborghini Urus ទី១៥ ០០០ ត្រូវបានដំឡើង ខណៈដែលរថយន្តនេះទើបចូលរោងចក្រផលិតបាន ៣ឆ្នាំប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម