វត្តមាន ID.4 ធ្វើឲ្យការលក់ឡានអគ្គិសនី Volkswagen កើនឡើងជាង ៧០%

[ទីផ្សារបរទេស] ​នៅដើមខែឧសភានេះ ជាពេលដែលក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមបញ្ចេញលទ្ធផលលក់ប្រចាំត្រីមាសទីមួយ នៃ​ឆ្នាំ២០២២ ហើយ Volkswagen ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗដែលបានចេញផ្សាយលទ្ធផលរបស់ខ្លួន។

ជាលទ្ធផលរយៈពេលបីខែដំបូង Volkswagen មានការកើនឡើងប្រាក់ចំណេញពីប្រមាណ ៥១៥លានដុល្លារកាលពីត្រីមាសទីមួយ ឆ្នាំ២០២១ ឡើងមកដល់ប្រមាណ ៥៣៩លានដុល្លារ នៅត្រីមាសទីមួយ នៃឆ្នាំ២០២២នេះ។ ក្នុងនោះដែរ រថយន្ត​ដែល​លក់ចេញ​សរុបគឺមានខ្ទង់ ១លានគ្រឿង ដែលធ្លាក់ចុះពីចំនួនលក់ ១,៣៦លានគ្រឿង កាលពីឆ្នាំមុន ហើយ​ក្រុមហ៊ុន​បាន​បន្ទោសដល់​វិបត្តិ​ខ្វះខាតគ្រឿងបន្លាស់ ក៏ដូចជាបញ្ហាសង្គ្រាមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជារឿងត្រូវសាទរខ្លាំងនោះគឺ Volkswagen អាចលក់រថយន្តអគ្គិសនីសរុបបាន ៥៣ ៤០០គ្រឿង ដែលកើនឡើង ៧៤% ធៀបរយៈពេលបីខែដំបូងនៃឆ្នាំកន្លងទៅ។ ក្នុងនោះដែរ មានជាងពាក់កណ្ដាលបានពីការលក់នៃរថយន្ត ID.4 ម៉ូដែលថ្មី ដែលលក់​បាន ៣០ ៣០០គ្រឿង។

គួរដឹងថា Volkswagen បានរំពឹងថារថយន្តអគ្គិសនីអាចនឹងមានចំណែក ២៥% នៃចំនួនលក់សរុបរបស់ខ្លួននៅត្រឹមឆ្នាំ២០២៦ ដែលកើនឡើងពីចំណែក ៥% ទៅ ៦% មាននាពេលបច្ចុប្បន្ន។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុននឹងបណ្ដាក់ទុនរាប់ពាន់លានដុល្លារលើ​ហេដ្ឋារចនាសម្ព័ន្ធសាករថយន្ត, ការអភិវឌ្ឍន៍រថយន្ត រួមជាមួយផែនការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន២៥ម៉ូដែល នៅត្រឹមឆ្នាំ២០៣០ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម