[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SsangYong នៅតែស្វែងរកអតិថិជនដើម្បីគេចចេញពីការក្ស័យធន ដើម្បីបន្តការផលិតរថយន្តរបស់ខ្លួន ដោយបានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser របស់រថយន្ត Torres ប្រភេទ SUV នឹងមកជារថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងទីផ្សារអឺរ៉ុប។
ក្នុងនោះ SsangYong បានបាននិយាយថា រថយន្ត Torres នឹងក្លាយជាម៉ូដែលដំបូងដែលបញ្ចូលអត្តសញ្ញាណការរចនាថ្មីរបស់ខ្លួនដែលមានឈ្មោះថា “Powered by Toughness” និងរចនាប័ទ្មដ៏រឹងមាំនៃរថយន្ត SUV ត្រូវបានបង្កើតនៅលើគំនូសព្រាងកាលពីឆ្នាំមុន ជាមួយនឹងចង្កៀង LEDs រាងស្លីម ប៉ាណាមុខរចនាប័ទ្មតាមលំនាំរបស់រថយន្ត Jeep បន្ទះដែកការពារនៅលើកាង។ នៅក្នុងរូបភាពនោះ រថយន្តនេះត្រូវបានបំពាក់ដោយកង់សម្រាប់បើកបរលើផ្លូវលំបាក ឬ Off-Road ស្រោបដោយសំបកកង់ដ៏ក្រាស់សម្រាប់បើកបរលើគ្រប់ស្ថានភាពផ្លូវ និងដំឡើងអំពូលភ្លើងនៅលើដំបូលផងដែរ។
យោងតាមអ្នកនាំពាក្យរបស់ SsangYong បានឲ្យដឹងថា រថយន្ត Torres នឹងបំពេញចន្លោះរវាង រថយន្តប្រភេទ SUV ពាក់កណ្តាលមធ្យមដូចជា Korando និងរថយន្ត SUV ធំដូចជា Rexton ។ បន្ថែមពីនេះ ក្រុមហ៊ុនសង្ឃឹមថា តាមរយៈការបង្កើតផ្នែកបន្ថែម វានឹងអាចបង្កើនចំណែកទីផ្សាររបស់ខ្លួន ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តប្រភេទ SUV ដែលមានរូបរាងរឹងមាំនេះ។
ជាមួយគ្នានេះ SsangYong នឹងចាប់ផ្ដើមទទួលការបញ្ជារទិញទុកជាមុនសម្រាប់រថយន្ត Torres នៅខែមិថុនានេះ ដោយចាប់ផ្ដើមពីទីផ្សារប្រទេសកូរ៉េ ហើយរថយន្ត SUV ដែលមានរហស្សនាមថា U100 នឹងត្រូវដាក់បង្ហាញនៅអឺរ៉ុបនៅចុងឆ្នាំ ២០២៣៕