[ទីផ្សារបរទេស] កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនី BYD TANG EV ប្រភេទ SUV លក់ជាផ្លូវការជាមួយតម្លៃចាប់ផ្តើមពី ៤២ ០០៨ ដុល្លារ ដល់ ៥១ ០១៦ ដុល្លារ ដោយត្រឹមតែរយៈពេល ១ ថ្ងៃប៉ុណ្ណោះ ទទួលបានការកក់ទុកច្រើនជាង ១៥ ៨៨២ គ្រឿងក្នុងប្រទេសចិន។
រថយន្តអគ្គិសនី BYD Tang EV ជំនាន់ទី 2 ជាមួយនឹងការរចនាប្លែក អត្តសញ្ញាណថ្មីរបស់ BYD ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ចំនួន៣គ្រាប់ កាងខាងមុខរចនាយ៉ាងទាក់ទាញ ចង្កៀងក្រោយ LED ដែលអូសកាត់ផ្នែកសងខាង កាងខាងក្រោយមានលក្ខណៈស្ព័រ ថាសកង់ស្ព័រទំហំ ២១ អ៊ីញ ស្រោបជាមួយសំបកកង់ 265/45 R21, ដុំហ្វ្រាំង Brembo 6-piston fixed calipers ជាដើម។
ចំពោះនៅខាងក្នុងវិញ មានកៅអីប្រាំពីរ កុងសូលកណ្តាលរបស់ Tang EV 2022 នៅតែស្របតាមម៉ូដែលបច្ចុប្បន្ន ជាមួយនឹងកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ជាមួយនឹងប្រព័ន្ធដំណើរការ 8-core, ឧបករណ៍បំពងសំឡេងម៉ាក Dynaudio ចំនួន ១២ចំនុច, ប្រព័ន្ធបណ្តាញឆ្លាតវៃ DiLink 4.0 (5G) និង DiPilot autopilot និងភ្លើងលម្អចក្នុងរថយន្តចំនួន ៣១ ពណ៌ផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥០៩ សេះ កម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយ Blade battery ទំហំ ១០៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន DC អាចសាកពី ៣០% ដល់ ៨០% ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ មានល្បឿនស្ទុះពី ០-១០០ គីឡូម៉ែត្រ ប្រើរយៈពេល ៤,៤វិនាទី និងប្រព័ន្ធបើកបរប៉ុង២៕