រថយន្ត Hyundai Kona ជំនា់នថ្មី ត្រូវបានគេប្រទះឃើញកំពុងសម្ងំធ្វើតេស្ត ជាមួយនឹងការឌីហ្សាញរូបរាងថ្មី។
ស្របពេលដែលគំរូរថយន្តនោះត្រូវបានបិតបាំងដោយតែមជុំវិញរថយន្ត វាក៏បង្ហាញឲ្យឃើញបន្តិចបន្តួច នូវផ្នែកខ្លះៗផងដែរ។ ជាក់ស្តែង ផ្នែកខាងមុខរបស់វានឹងមានបំពាក់របាភ្លើង LED ដូចទៅនឹងរថយន្ត Hyundai Staria ដែរ។
ក្រៅពីនោះ គេអាចមើលឃើញនូវការបំពាក់កាងមុខថ្មី, ប៉ាណាមុខថ្មី និង រន្ធបឺតខ្យល់រាងជាត្រីកោណទៀតផង។ ចង្កៀងមុខរបស់វាក៏បានផ្លាស់ប្តូរថ្មីដែរ ទៅជារាងបែបជ្រុងៗស្រួចៗវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកខាងក្រោយរបស់វាត្រូវបានគេសង្កេតឃើញថា ស្រដៀងទៅនឹងម៉ូដែល Kona បច្ចុប្បន្ន ជាមួយនឹងស្តុបក្រោយស្រដៀងគ្នា និងកញ្ចក់ក្រោយរៀងតូច។
ជាមួយគ្នានេះដែរ តាមរយៈការប្រមាញ់រូបថតពីមុនបង្ហាញឲ្យឃើញថា Kona ឆ្នាំ២០២៤ មានការឌីហ្សាញកាប៊ីនខាងក្នុងថ្មីឡើងវិញ ប៉ុន្តែបំផុសគំនិតតាមម៉ូដែល Hyundai Ioniq 5 ដែលជារថយន្តអគ្គិសនី។ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតនោះគឺ កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ដែលជាអេក្រង់តែមួយជាប់គ្នា។
ដោយឡែកចំពោះម៉ាស៊ីនរបស់វាវិញនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែវាទំនងអាចផ្តល់ជម្រើសម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ហើយក៏ទំនងជាផ្តល់ជម្រើសម៉ូដែលអគ្គិសនីសុទ្ធ Kona EV ទៀតផង៕