ក្រុមហ៊ុន Lamborghini បានចុះប៉ាតង់ឈ្មោះថ្មី «Revuelto» នៅអឺរ៉ុប។ ស្របពេលដែលយើងមិនទាន់ដឹងថា តើឈ្មោះនេះនឹងត្រូវប្រើលើរថយន្តប្រភេទណាឲ្យប្រាកដ គេសង្ស័យថា វាជារថយន្តអគ្គិសនីនាពេលអនាគតរបស់ Lamborghini។
ដំបូងឡើយ គេបានប្រទះឃើញការចុះប៉ាតង់ឈ្មោះ Revuelto ថ្មីនេះ ទាំងជាមួយការិយាល័យពាណិជ្ជសញ្ញាអ៊ីតាលី ក៏ដូចជាជាមួយការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនត្រូវបានដាក់នៅសហរដ្ឋអាមេរិកនោះទេ។
ឯកសារនោះបង្ហាញថា Lamborghini មានបំណងអនុវត្តពាណិជ្ជសញ្ញានេះ ទៅលើទំនិញចំនួន ៤ ប្រភេទសំខាន់ៗ។ ក្នុងនោះ វាមានផ្តោតទាំងស្រុងលើយានយន្ត រួមទាំង រថយន្តអគ្គិសនី ខណៈផ្នែកផ្សេងទៀតផ្តោតលើផលិតផលបន្ថែម។
លោក Stephen Winkleman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini ធ្លាប់បាននិយាយជាសាធារណៈថា រថយន្តអគ្គិសនីគ្រប់ម៉ូដែលទាំងអស់ នឹងត្រូវបានបង្ហាញខ្លួនមុនពេល Urus អគ្គិសនី មកដល់ទីផ្សារ។ គួរឲ្យដឹងថា Lamborghini គ្រោងនឹងចេញរថយន្តគអ្គិសនីនាពេលប៉ុន្មានឆ្នាំខាងមុខនេះតែម្តង៕