[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Qiantu បានធ្វើការដាក់បង្ហាញរថយន្ត Qiantu K20 ថ្មី ជារថយន្តស្ព័រអគ្គិសនី ២កៅអីថ្មី ជាមួយតម្លៃលក់មុនមានចាប់ពី ១៣ ០៤៥ ដុល្លារ ដល់ ២២ ៥១០ ដុល្លារ ការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ នៅក្នុងប្រទេសចិន។
គួរឲ្យដឹងថា រថយន្ត K20 មិនមែនជាម៉ូដែលអគ្គិសនីដំបូងបង្អស់របស់ Qiantu ទេ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានចេញលក់រថយន្ត K50 នៅឯពិព័រណ៍រថយន្តនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែ Qiantu ដឹកជញ្ជនបានតែ ២០០-៣០០គ្រឿងប៉ុណ្ណោះ។
ឥឡូវនេះ Qiantu បានបង្ហាញគំរូពីរដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ Qiantu K20 ជារថយន្តស្ព័រ ប៉ុន្តែមានរចនាប័ទ្ម hatchback, គម្របម៉ាស៊ីនរាងវែង, កញ្ចក់រាងជ្រាលចុះក្រោម និងកង់យ៉ាន់ស្ព័រធំជាមួយនឹងដុំហ្វ្រាំង calipers ពណ៌ក្រហម។ ចំណុចគួរឲ្យចាប់អារម្មណ៍នៅផ្នែកខាងក្រៅគឺចំណុចទាញទ្វារស្ថិតនៅលើតួរថយន្ត។ ខណៈ ចង្កៀងខាងក្រោយរចនាបែបជាឆ្នូតជាមួយអក្សរ “Qiantu Motors” នៅចំកណ្តាល។
ដោយសារតែទំហំរថយន្តរបស់ K20 ក៏មានសភាពទាន់សម័យ ជាមួយនឹងផ្ទៃតាប៊្លូរាងតូច ដៃចង្កូត ២ប្រឡោះមានឡូហ្គោរូបមេអំបៅនៅចំកណ្តាល, កុងទ័រព័ត៌មាន និងអេក្រង់កំសាន្តភ្លោះ។
រថយន្តស្ព័រអគ្គិសនី K20 បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនពីរផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ រថយន្តអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៧ វិនាទី។ ក្នុងនោះ ក្រុមហ៊ុនមិនបាននិយាយអំពីសមត្ថភាពនៃកញ្ចប់អាគុយទេប៉ុន្តែរំពឹងថាអាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕