ឡានភីកអាប់ Nissan Navara Black Edition ២០២២ បន្ថែមរូបរាងកាន់ស្ព័រ ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំប្រទេសថៃ បានធ្វើការដាក់បញ្ចេញម៉ូដែល​ពិសេស Nissan Navara Black Edition ស៊េរីឆ្នាំ ២០២២ ថ្មីជាមួយរចនាម៉ូដបែបស្ព័រ ទាំងផ្នែកខាងក្រៅ និងខាងក្នុង ជាមួយជម្រើសម៉ូឌែលចំនួន 2-door King Cab និង 4-door Double Cab body មានតំលៃលក់ចាប់ពី ២២ ៩២៨ ដុល្លារ ដល់ ២៦ ៨០២ ដុល្លារ។

រថយន្ត Nissan Navara Black Edition ស៊េរីថ្មីនេះ ភ្ជាប់មកជាមួយនៅគ្រឿងបន្ថែមបែបស្ព័រ រួមមានប៉ាណាមុខ ឲ្យឈ្មោះថា Interlock grille ពណ៌ខ្មៅ រួមមានចង្កៀងមុខ LED Projector បើក-បិទដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ Follow-me-home អមជាមួយអំពូលបំភ្លឺពេលថ្ងៃ កញ្ចក់ចំហៀងពណ៌ខ្មៅភ្ជាប់ដោយមុខងារក្តោបអូតូ កាងខាងមុខនិងក្រោយពណ៌ខ្មៅ ដៃទ្វារខាងក្រោយពណ៌ខ្មៅ ស្ទីគ័រឡូហ្គោ Black Edition នៅផ្នែកខាងក្រោយ អង់តែនព្រុយត្រីឆ្លាមពណ៌ខ្មៅ និងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងកាប៊ីននៃម៉ូដែលនេះ ត្រូវបានតុបតែងជាមួយពណ៌ខ្មៅទៅលើ រន្ធម៉ាស៊ីនត្រជាក់, ដៃទ្វារ, កន្លែងដាក់ដបទឹក, ប្រអប់លេខ និងមានមកជាមួយស្តង់ដារកុងទ័រព័ត៌មានទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធ NissanConnect, កញ្ចក់មើលក្រោយការពារចំណាំងផ្លាត និងប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ Cruise Control។

ម៉ូដែលពិសេស Nissan Navara Black Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩០ សេះ កម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ និងម៉ូដែលប្រអប់​លេខ​ដោយដៃ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៣ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង​ ផលិតកម្លាំងបាន ១៦៣ សេះ កម្លាំងរមួល ៤០៣ ញូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម