[ទីផ្សារបរទេស] ទិន្នន័យចេញដោយសមាគមន៍រថយន្តចិន បានបង្ហាញថា BYD អាចលក់រថយន្តបានសរុប ១១៣ ៧៦៨គ្រឿង កាលពីខែឧសភា កន្លងទៅ ដែលអាចឲ្យក្រុមហ៊ុនឈរលំដាប់លេខពីរលើទីផ្សារប្រទេសចិន គឺនៅតែពីក្រោយក្រុមហ៊ុន FAW-Volkswagen ដែលលក់រថយន្តបានចំនួន ១៥០ ០០៩គ្រឿង។
អ្វីដែលធ្វើឲ្យតួលេខរបស់ BYD គួរចាប់អារម្មណ៍ខ្លាំងនោះគឺថា BYD លែងផលិតរថយន្តដែលដើរដោយថាមពលប្រេងឥន្ធនៈសុទ្ធតទៀតហើយ ដែលមានន័យថារថយន្តលក់ចេញកាលពីខែឧសភា គឺជារថយន្តប្រភេទ Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធ។ ហេតុនេះវាជារឿងគួរឲ្យភ្ញាក់ផ្អើល ដែល BYD អាចឈរលើតំណែងលេខពីរ ជាមួយរថយន្តថាមពលថ្មី។
លទ្ធផលលក់ប្រចាំខែឧសភារបស់ BYD មានកំណើន ១៥៩,៥% ធៀបនឹងខែឧសភាឆ្នាំមុន ខណៈដែល FAW-Volkswagen មានការធ្លាក់ចុះ ១០,៦%។ ក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេលំដាប់ទីបីគឺ Geely ដែលលក់ចេញបាន ៧៣ ៣១៥គ្រឿង ជាការថយចុះ ១៤,៥% ធៀបនឹងឆ្នាំមុន។
ទីផ្សាររថយន្តប្រភេទចិនទាំងមូលឃើញថាចំនួនលក់រថយន្តបានថយចុះ ១១,៨% កាលពីខែឧសភា ប៉ុន្តែចំនួនលក់រថយន្តថាមពលថ្មីបានហក់ឡើងរហូតដល់ ៩១,២%៕