[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានដាក់ពាក្យបណ្ដឹងនៅទីក្រុង Munich ដែលប្ដឹងក្រុមហ៊ុនរថយន្តចិន Nio ដោយចោទប្រកាន់ថាបានល្មើសកម្មសិទ្ធបញ្ញា ដោយ Audi អះអាងថារថយន្ត Nio ES6 និង ES8 មានឈ្មោះស្រដៀងនឹងរថយន្ត S6 និង S8។
រថយន្ត ES6 និង ES8 គឺជាប្រភេទរថយន្ត SUV អគ្គិសនី ចំណែករថយន្ត S6 និង S8 គឺជាប្រភេទកម្លាំងខ្លាំងនៃរថយន្ត A6 និង A8 ដែលឈ្មោះនេះមានប្រវត្តិប្រើប្រាស់តាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ ដោយឡែករថយន្ត ES6 និង ES8 ត្រូវក្រុមហ៊ុន Nio ប្រកាសចេញលក់នៅប្រទេសន័រវេសកាលពីឆ្នាំមុន។
ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា Nio បានដកចេញផ្លាកដែលជាបញ្ហាចេញពីឈ្មោះនោះ ចេញពីរថយន្ត SUV ទាំងពីរ ខណៈដែលការលក់រថយន្ត ES6 និង ES8 ដែលនឹងចាប់ផ្ដើមនៅត្រីមាសទីបួន អាចនឹងរងផលប៉ះពាល់ដោយសាររឿងក្ដីមួយនេះ។
ទាក់ទងនឹងរឿងក្ដីនេះដែរ អ្នកជំនាញបានលើកឡើងថាការភ័ន្តច្រឡំរវាងឈ្មោះរថយន្ត Nio និងឈ្មោះរថយន្ត Audi គឺមានកម្រិតទាបបំផុត ហេតុនេះ Audi ទំនងជាមិនអាចនឹងទទួលបានជ័យជម្នះលើការប្ដឹងផ្ដល់នេះឡើយ។ បន្ថែមពីនេះចិនជាទីផ្សារធំមួយរបស់ Audi ហើយរឿងក្ដីនេះ ទំនងជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Audi នៅប្រទេសចិនផងដែរ ប្រសិនបើមិនអាចឈ្នះក្ដី៕