[ទីផ្សារបរទេស] តាមការបង្ហោះថ្មីៗរបស់ BimmerPost បានអះអាងថារថយន្ត BMW 3 Series ស៊េរីឆ្នាំ២០២៧ នឹងមានតែជម្រើសប្រើអគ្គិសនីសុទ្ធប៉ុណ្ណោះ ដែលមានន័យថាម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង នាពេលបច្ចុប្បន្ននឹងត្រូវបោះបង់ចោល។
ការបង្ហោះនេះគឺមានប្រភពចេញពីអ្នកប្រើប្រាស់ឈ្មោះ ynguldyn ដែលធ្លាប់មានប្រវត្តិចែករំលែកដំណឹងត្រូវៗអំពីរឿងរ៉ាវដែលគ្រោងកើតឡើង។ ជាក់ស្ដែងអ្នកប្រើប្រាស់រូបនេះធ្លាប់បានលើកឡើងថា រថយន្ត M2 សម្រាប់លក់នៅសហរដ្ឋអាមេរិក នឹងមានប្រអប់លេខដៃ ហើយមួយខែក្រោយមកដំណឹងនេះពិតជាក្លាយជាការពិតមែន។
ផ្អែកតាមប្រភព បានឲ្យដឹងថារថយន្ត 3 Series ជំនាន់បច្ចុប្បន្ននេះបានកំណត់ថាឈប់ផលិតនៅខែតុលា ឆ្នាំ២០២៥ ខណៈដែលប្រភេទ Touring ដូចជា M3 Touring អាចបន្តផលិតដល់ខែមិថុនា ឆ្នាំ២០២៦។ ប៉ុន្តែកាលបរិច្ឆេទទាំងនេះបានលើកទៅដល់ខែមិថុនា និងខែតុលា ឆ្នាំ២០២៧វិញ។
ជាជាងការអភិវឌ្ឍន៍រថយន្ត 3 Series ជំនាន់ថ្មី BMW នឹងប្រកាសចេញរថយន្ត i3 ដែលជារថយន្តអគ្គិសនីសុទ្ធនៅក្នុងឆ្នាំ២០២៧ ជាការប្រកាសលក្ខណៈសកលលោក។ យ៉ាងណារថយន្តនេះនឹងប្រកាសចេញមុនគេលើទីផ្សារប្រទេសហុងគ្រី នៅក្នុងឆ្នាំ២០២៥ រួចទើបបន្តចេញលក់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧៕