[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi ត្រៀមបង្ហាញចេញគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ មុនការចាប់ផ្ដើមផលិតនៅឆ្នាំ២០២៤។
រំលឹកថា Xiaomi បានដាក់ដំណើរការអាជីវកម្មរថយន្តអគ្គិសនីកាលពីខែមីនា ឆ្នាំ២០២១ ដោយពេលនោះក្រុមហ៊ុនប្រកាសថានឹងវិនិយោគដំបូងក្នុងទឹកប្រាក់ ១,៥ពាន់លានដុល្លារក្នុងគម្រោងការ និងវិនិយោគទឹកប្រាក់ជាបន្តបន្ទាប់ទៀតសរុប ១០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់។
ការប្រកាសចេញរថយន្តអគ្គិសនីនឹងធ្វើឡលងតាមរយៈក្រុមហ៊ុនទើបបង្កើតថ្មីឈ្មោះថា Xiaomi Auto Co Ltd ហើយក្នុងខែវិច្ឆិកា ក្រុមហ៊ុនបានចុះកុងត្រាដើម្បីសាងសង់ទីស្នាក់ការកណ្ដាលសម្រាប់អាជីវកម្មរថយន្តអគ្គិសនី ដែលទីស្នាក់ការនេះនឹងមានរោងចក្រដែលមានទំហំផលិត ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
គួរដឹងថារថយន្តអគ្គិសនីដំបូងរបស់ Xiaomi ត្រូវបានគេរាយការណ៍ថាបានដឹកនាំការឌីហ្សាញដោយក្រុមហ៊ុន Shanghai HVST Automobile Design ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយ Concept Maven របស់ WM Motor។ រង់ចាំតាមដានទាំងអស់គ្នាថាគំរូរថយន្តដែលប្រកាសចេញនាខែក្រោយនឹងមានរូបរាងបែបណា ហើយមានលក្ខណៈពិសេសយ៉ាងណាខ្លះ៕