Toyota Vios រូបរាងថ្មី នឹងបង្ហាញខ្លួនខែក្រោយនេះហើយ

[ទីផ្សារបរទេស] រថយន្ត Toyota Vios ជំនាន់ថ្មីត្រូវបាន​ក្រុមហ៊ុន Toyota Thailand ប្រកាសដំណឹងថានឹងត្រូវ​បង្ហាញ​វត្តមាន​នៅ​ថ្ងៃទី៩ ខែសីហា ខាងមុខ ដោយ​មាន​ការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ហើយរំពឹងថាមានប្រើប្រាស់ម៉ាស៊ីន Hybrid ផង​ដែរ។

តាមវីដេអូខ្លីដែលបង្ហោះដោយ Toyota Thailand បាន​បង្ហាញថា Vios ជំនាន់ថ្មីបានផ្លាស់ប្ដូរស្ទីល​ឌីហ្សាញ​មក​ជា​បែប​ជ្រុងៗ​វិញ ដែល​ជា​អត្តសញ្ញាណថ្មីមួយមានប្រើលើរថយន្ត Toyota ម៉ូដែលថ្មីៗកន្លងមក។ រថយន្តជំនាន់ថ្មីនេះក៏​ឃើញ​មាន​ប្រើ​អំពូល​​ LED រាងស្ដើង ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃជាប្រភេទ LED មានរាងជាអក្សរ L ហើយផ្នែកខាងក្រោយ​ក៏​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈសម្បត្តិនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែបើតាម Autolifethailand បាន​ឲ្យដឹងថា Vios ជំនាន់ថ្មីនឹង​មាន​ម៉ាស៊ីន​ពីរជម្រើសពេលលក់នៅប្រទេសថៃ ដែលក្នុងនោះរួមមានម៉ាស៊ីន ១,២លីត្រ ៤ស៊ីឡាំង និងមួយទៀតជាម៉ាស៊ីន Hybrid ចំណុះ​ ១,៥លីត្រ។

Toyota Vios ជំនាន់ថ្មីត្រូវបានអភិវឌ្ឍន៍​លើ​គ្រោងឆ្អឹង DNGA នៃក្រុមហ៊ុនសាខា Daihatsu ដែល​ស្រដៀង​ទៅ​នឹង​រថយន្ត​ Toyota Raize , Veloz , Avanza ឬ Daihatsu Rocky, Xenia និង Perodua Ativa ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម