[ទីផ្សារបរទេស] កាលពីខែមុន រថយន្តអគ្គិសនី MG4 EV ត្រូវបានប្រកាសចេញជាផ្លូវការសម្រាប់ទីផ្សារអឺរ៉ុប ហើយពេលនេះក្រុមហ៊ុនបានប្រកាសអំពីតម្លៃលក់ដែលមានចាប់ពីប្រមាណ ៣១ ៤០០ដុល្លារ។
MG4 EV មានចាប់ពីប្រភេទ Entry ឈ្មោះថា SE Standard Range ដែលប្រើប្រាស់អាគុយចំណុះ ៥១kWh អាចផ្ដល់ចម្ងាយបើកបរបាន ៣៥១គីឡូម៉ែត្រ។ ប្រភេទនេះមានប្រើម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយ អាចផ្ដល់កម្លាំងបាន ១៦៨សេះ។
ចំពោះគ្រឿងបរិក្ខារវិញ រថយន្តអគ្គិសនី Hatchback នេះមានប្រើភ្លើងប្រភេទ LED ជាមួយយ៉ាន់ទំហំ ១៧អ៊ីញ, ផ្នែកខាងក្នុងមានកុងទ័រឌីជីថលទំហំ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ដែលមានមុខងារ Android Auto និងមុខងារ Apple CarPlay ផងដែរ។
សម្រាប់ប្រភេទមួយទៀតគឺ MG4 EV SE Long Range មានតម្លៃចាប់ពីប្រមាណ ៣៤ ៤០០ដុល្លារ ដោយអាគុយចំណុះ ៦៤kWh របស់វាអាចផ្ដល់ចម្ងាយបើកបរបានដល់ ៤៥២គីឡូម៉ែត្រ។ បន្ថែមពីលើការបើកបរបានឆ្ងាយហើយ វាក៏មានម៉ូទ័រអគ្គិសនីកម្លាំងខ្លាំងដែលផលិតកម្លាំងបាន ២០០សេះ។
បន្ទាប់មកគឺ MG4 EV Trophy មានតម្លៃចាប់ពីប្រមាណ ៣៨ ០០០ដុល្លារ មានអាគុយចំណុះ ៦៤kWh អាចផ្ដល់ចម្ងាយបើកបរបាន ៤៣៥គីឡូម៉ែត្រ ប៉ុន្តែវាមានបំពាក់គ្រឿងបរិក្ខារប្រណីតជាង MG4 EV SE Long Range ត្បិតថាចម្ងាយបើកបរតិចជាងក្ដី៕