[ក្នុងស្រុក] យោងតាមសេចក្តីជូនដំណឹងពី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក នាល្ងាចថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ នេះ បានធ្វើការជូនដំណឹងអោយប្រជាពលរដ្ឋបានជ្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់អោយដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
សម្រាប់ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើរល្មើសច្បាប់ស្ពីពីចរាចរណ៍ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ ដោយក្នុងនោះតម្រូវអោយអ្នកបើកបរយានយន្តគ្រប់រូបយកតាមនូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ថែមពីនេះ ការបង់ប្រាក់ពិនិយអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ពីពីចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋអាចបង់ប្រាក់នៅតាមបញ្ជារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី(TrueMoney Mobile App) បន្ថែមពីលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ផងដែរថា ការដាក់អោយដំណើរការនូវ កម្មវីធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសំដៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអោយបានជាអតិបរមា និងការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ពីពីចរាចរណ៍ផ្លូវគោក និងធានានូវតម្លាភាពក្នុងការពិន័យអត្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕