[ទីផ្សារបរទេស] កាលពីខែមេសាកន្លងទៅ រថយន្ត Hyundai Ioniq 5 បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសវៀតណាម ប៉ុន្តែពេលនោះមិនទាន់មានការបញ្ជាក់ពីការលក់រថយន្តនេះនៅឡើយទេ ដោយហេតុថាកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទីផ្សារ។
ដោយឡែក នាពេលនេះចាប់ផ្ដើមមានហាងចែកចាយរថយន្ត Hyundai បានបើកលក់រថយន្តអគ្គិសនីនេះជាផ្លូវការជាមួយតម្លៃជិត ២ពាន់លានដុង (ប្រមាណ ៨៥ ៤០០ដុល្លារ) ដោយមានផ្ដល់ជូនការបើកបរសាកល្បងជូនដល់អតិថិជន ហើយថែមទាំងអាចទិញជិះបានភ្លាមៗប្រសិនបើអតិថិជនចាប់ចិត្ត។ ផ្អែកតាមទីប្រឹក្សាផ្នែកលក់បានឲ្យដឹងថា Hyundai Ioniq 5 នេះមានចំនួនតិចតួចប៉ុណ្ណោះ មិនទាន់មានច្រើននៅឡើយទេ។
Ioniq 5 គឺជារថយន្តអគ្គិសនីដ៏លេចធ្លោមួយនាពេលបច្ចុប្បន្ន ដោយប្រភេទដែលលក់នៅវៀតណាម មានប្រើប្រាស់អាគុយចំណុះ ៧២,៦kWh មានម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២១៤សេះ និងមានចម្ងាយបើកបររហូតដល់ ៤៥០គីឡូម៉ែត្រ។ រថយន្តនេះដែរ ប្រើប្រាស់ដុំសាកល្បឿនលឿនដែលអាចសាកភ្លើងឡើងពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី។
តាំងពីប្រកាសចេញមក រថយន្តអគ្គិសនីរបស់កូរ៉េមួយនេះ បានឈ្នះពានរង្វាន់ជាច្រើនរួមមានពានរង្វាន់រថយន្តប្រចាំឆ្នាំ២០២២ នៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់ និងថ្មីៗនេះបានឈ្នះពានរង្វាន់រថយន្តពិភពលោកប្រចាំឆ្នាំ២០២២ថែមទៀតផង៕