ឡានអគ្គិសនីកម្លាំង ១២០០សេះ បង្ហាញវត្តមានជាផ្លូវការ ជាមួយតម្លៃជិត ២៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid បានបង្ហាញចេញជាផ្លូវការ​នូវ​រថយន្តអគ្គិសនីលំដាប់កំពូលថ្មីម៉ូដែល Lucid Air Sapphire ក្នុង​កម្មវិធី Monterey Car Week ដែលវានឹងជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Tesla Model S Plaid។

រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីបីដូចជា Model S Plaid ដែរ ដោយមាន​ម៉ូទ័រអគ្គិសនីចំនួនពីរនៅផ្នែកខាងក្រោយ និង​មួយ​ទៀត​នៅ​ផ្នែក​ខាង​មុខ រួមបញ្ចូលគ្នាអាចផលិតកម្លាំងបានជាង ១២០០សេះ ប៉ុន្តែក្រុមហ៊ុន Lucid មិន​បាន​បញ្ចេញ​លក្ខណៈ​សម្បត្តិ​លម្អិត​នៅ​ឡើយទេ។ ទោះយ៉ាងណា Lucid បាននិយាយថា Air Sapphire នេះគឺជារថយន្ត Sedan កម្លាំង​ខ្លាំង​ដាច់​គេ​ក្នុង​លោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការដាក់បន្ថែមម៉ូទ័រអគ្គិសនីទីបី អាចឲ្យរថយន្ត Air Sapphire ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល​មិន​ដល់២វិនាទី និង​អាច​ស្ទុះ​ដល់ ១៦០គ.ម/ម៉ ក្នុងពេលក្រោម៤វិនាទី ហើយអាចរត់ក្នុងចម្ងាយ ៤០០ម៉ែត្រ ដោយ​ប្រើ​ពេល​មិន​ដល់​៩វិនាទី​ឡើយ។

រថយន្ត Air Sapphire នឹងត្រូវផលិតក្នុង​ចំនួន​កំណត់មួយ ដោយ​នឹង​មាន​តម្លៃចាប់ពី ២៤៩ ០០០ដុល្លារ លើ​ទឹកដីសហរដ្ឋ​អាមេរិក ហើយ​ការ​កក់ទុកនឹងបើកទទួលចាប់ពីថ្ងៃទី២៣ ខែសីហា ជាមួយ​ការ​ដឹក​ជញ្ជូន​រំពឹងថានឹងចាប់ផ្ដើមឆ្នាំក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម