[ទីផ្សារបរទេស] Mercedes-Benz EQS SUV ដែលជារថយន្ត SUV អគ្គិសនីទំហំធំជាងគេ និងប្រណីតជាងគេរបស់ Mercedes នាពេលបច្ចុប្បន្ននេះ បានចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិកជាផ្លូវការ ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីដំបូងគេរបស់ Mercedes ដែលផលិតនៅអាមេរិក។
រថយន្ត EQS បានចូលផលិតនៅឯរោងចក្រ Tuscaloosa ក្នុងរដ្ឋ Alabama ដែលរថយន្តផលិតបាននឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសផងដែរ។ ការផលិតរថយន្តនេះគឺជាការចាប់ផ្ដើមរបស់ Mercedes ក្នុងការដំឡើងរថយន្តអគ្គិសនីចំនួន៨ម៉ូដែលផ្សេងគ្នា នៅទីតាំងចំនួនប្រាំពីរ ក្នុងទ្វីបចំនួនបីនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះបានធ្វើការដំឡើងរថយន្ត SUV ខ្នាតធំនៅរដ្ឋ Alabama ចាប់តាំងពីឆ្នាំ១៩៩៧ និងបានបណ្ដាក់ទុនជាទឹកប្រាក់សរុបជាង ៧ពាន់លានដុល្លារក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកចំនួនប្រមាណ ៤៥០០នាក់ និងមានការប៉ាន់ស្មានថាការងារចំនួន ១១ ០០០កន្លែង ត្រូវបានបង្កើតតាមរយៈដៃគូផ្គត់ផ្គង់ក្នុងតំបន់ និងអ្នកផ្ដល់សេវាកម្ម។
គួរដឹងថាសហរដ្ឋអាមេរិកនឹងជាទីផ្សារដំបូងគេដែលទទួលបានរថយន្ត EQS SUV ជាមួយការលក់រំពឹងថាចាប់ផ្ដើមនៅចុងរដូវក្ដៅនេះ។ តម្លៃលក់នៅមិនទាន់បញ្ចេញនៅឡើយទេ ប៉ុន្តែវាអាចនឹងថ្លៃជាងរថយន្ត EQS 450 និង EQS 580 ប្រមាណប៉ុន្មានពាន់ដុល្លារ៕