រថយន្តចំនួន ៦ ម៉ូដែលនឹងត្រូវក្រុមហ៊ុនបញ្ឈប់ការផលិតចាប់ពីឆ្នាំ ២០២០ ដោយភាគច្រើនមកពីចំនួនលក់រថយន្តមានតិចតួច។
Smart ForTwo (១៩៩៨-២០១៩)
រថយន្តនេះមានភាពប្លែកពីគេដោយសារពេលចេញដំបូង វាគឺជារថយន្តដែលមានទំហំតូចជាងគេ បើធៀបនឹងរថយន្តម៉ូដែលផ្សេងៗទៀត។ យ៉ាងណាក្ដីក្រុមហ៊ុនមេរបស់ Smart គឺ Mercedes នឹងបញ្ឈប់ផលិតរថយន្តតូចនេះ ដោយសារមានផែនការសម្រាប់រថយន្ត A-Class ថ្មី និងរថយន្តអគ្គិសនីខ្នាតតូចនាពេលខាងមុខ។
Volkswagen Golf R (២០១២-២០១៩)
Golf R បង្ហាញមុខនៅឆ្នាំ ២០១២ ដែលមានបំពាក់ម៉ាស៊ីន ២ លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ២៥៦ សេះ មានកម្លាំងខ្លាំងអាចឈ្នះ Golf GTi ដែលជាបងប្អូនរបស់វា។ យ៉ាងណាក្ដី Golf GTi ត្រូវបានចាប់អារម្មណ៍ច្រើនជាង Golf R ដោយសារបទពិសោធន៍នៃការបើកបរ។ ដោយសារប្រជាប្រិយភាព Golf GTi ធ្វើឲ្យចំនួនលក់របស់ Golf R ថយចុះ ហេតុនេះទើប Volkswagen សម្រេចចិត្តថាឈប់ផលិត។ វានឹងត្រូវជំនួសដោយ Golf R ដែលប្រើប្រាស់អគ្គិសនីសុទ្ធ។
Chevrolet Corvette C7 (២០១៤-២០១៩)
ចាប់តាំងពីចេញលក់នៅឆ្នាំ ២០១៤ រថយន្តនេះបានជួយឲ្យរថយន្តអាមេរិកនាំមុខគូប្រជែងលើទីផ្សារអឺរ៉ុប។ វានឹងជារថយន្ត Corvette ចុងក្រោយគេដែលដាក់ម៉ាស៊ីននៅខាងមុខ ដោយ Chevrolet ប្ដូរមកដាក់ម៉ាស៊ីននៅក្រោយវិញ ដើម្បីឲ្យដូចនឹងរថយន្ត Supercar នៅអឺរ៉ុប។
Mercedes-AMG SL63 (២០១៣-២០១៩)
Mercedes បានសម្រេចចិត្តសម្លាប់រថយន្ត SL63 នេះ ដើម្បីទុកកន្លែងសម្រាប់រថយន្តស៊េរីថ្មី។
Jaguar XJ (១៩៦៨-២០១៩)
អស់ពេលជាង ៥០ ឆ្នាំ រថយន្ត Jaguar XJ កកើតបាន ៩ ជំនាន់។ យ៉ាងណាក្ដីក្នុងសម័យកាលអគ្គិសនី Jaguar សម្រេចចិត្តបញ្ឈប់ផលិតរថយន្ត XJ នេះ សម្រាប់ទុកចន្លោះឲ្យរថយន្តថ្មីដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
Alfa Romeo 4C (២០១៣-២០១៩)
ដោយសារចំនួនលក់ និងតម្រូវការថយចុះផងដែរ Afla បានសម្រេចឈប់ផលិតរថយន្ត 4C ដើម្បីត្រៀមទទួលរថយន្តម៉ូដែល Tonale ថ្មី និងផ្ដោតលើរថយន្តដទៃទៀតដូចជា Stelvio និង Giulia៕