Renault ប្រកាសចេញឡានវ៉ែនអគ្គិសនី សាកម្ដងជិះបាន ២៤០គ.ម

[ទីផ្សារបរទេស] រថយន្តអគ្គិសនីមិនមែនតែជានិន្នាការថ្មី​ខាងផ្នែករថយន្ត​អ្នកដំណើរទូទៅនោះទេ ប៉ុន្តែវាក៏ជានិន្នការ​ថ្មី​មួយ​សម្រាប់​ផ្នែក​រថយន្ត​ពាណិជ្ជកម្ម​ធុនស្រាល ដោយ​មួយរយៈចុងក្រោយនេះក្រុមហ៊ុនរថយន្តកាន់តែច្រើននាំគ្នាប្រកាស​ចេញ​រថយន្ត​វ៉ែន​ប្រើ​ប្រាស់​ថាម​ពលអគ្គិសនីសុទ្ធ។

រថយន្តវ៉ែនថ្មីចុងក្រោយគេនេះគឺជាផលិតផលរបស់ក្រុមហ៊ុន Renault មានឈ្មោះថា Trafic Van E-Tech Electric ដែល​ជា​សមាជិក​ថ្មី​នៃ​រថយន្ត E-Tech។ រថយន្តនេះត្រូវបានផលិតផ្អែកតាមរថយន្ត Trafic ជំនាន់ទីបួន ដោយ​វាមានរូបរាងក្រៅ​ស្រដៀង​គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកថាមពលវិញ វាមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១២១សេះ ដែល​កម្លាំងនេះ​ហាក់​ខ្សោយ​ជាង​រថយន្ត Trafic ដែលប្រើម៉ាស៊ីនម៉ាស៊ូតបន្តិច។ ចំពោះការសណ្ដោងវិញវា​អាចទ្រាំទ្រនឹងទម្ងន់ ៧៥០គីឡូក្រាម និងផ្ទុក​បាន​ទម្ងន់ ១១០០​គីឡូក្រាម។

រថយន្ត Trafic Van E-Tech Electric នេះប្រើប្រាស់អាគុយចំណុះ ៥២kWh ដូចនឹងរថយន្ត Master E-Tech ដែរ ដែល​អាច​ឲ្យវាបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ហើយអាគុយរបស់វា​គាំទ្រការសាក​កម្លាំង ៧kW, ២២kW និង ៥០kW ផងដែរ។

ដោយឡែក ទាក់ទងនឹងតម្លៃ និងកាលបរិច្ឆេទចេញលក់ មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Renault នៅឡើយទេ។ យ៉ាង​ណា​រថយន្ត Trafic Van ប្រភេទ​អគ្គិសនី រំពឹងថានឹង​មាន​ចេញតាមពីក្រោយដោយរថយន្ត Trafic សម្រាប់​អ្នកដំណើរធម្មតា ដែល​ធ្លាប់បាន​បង្ហាញវត្តមានជារថយន្ត Concept ឈ្មោះ Hippie Caviar Hotel កាលពីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម