Volkswagen នឹងឈប់លក់ឡានម៉ាស៊ូត និងសាំង នៅអឺរ៉ុប ត្រឹមឆ្នាំ២០៣៣

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen នឹងលក់ផ្ដាច់មុខតែរថយន្តអគ្គិសនីនៅអឺរ៉ុប ត្រឹមឆ្នាំ២០៣៣ ដោយបញ្ឈប់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំង មុនការកំណត់ពីរឆ្នាំ។

កាលពីខែមិថុនា ឆ្នាំ២០២១ ប្រធានផ្នែកលក់រថយន្តរបស់ Volkswagen បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនអាចនឹងបញ្ចប់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំងនៅអឺរ៉ុប នៅចន្លោះឆ្នាំ២០៣៣ និងឆ្នាំ២០៣៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដីនាយកប្រតិបត្តិដែលទើបកាន់ឡើងតំណែងថ្មីនៅ Volkswagen បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួននឹងមានលក់តែរថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុបនៅត្រឹមឆ្នាំ២០៣៣ មុនពីរឆ្នាំដែលសហភាពអឺរ៉ុបគ្រោងហាមឃាត់ការលក់រថយន្តម៉ាស៊ូត និងរថយន្តសាំង។

យ៉ាងណាក្ដី Volkswagen នឹងបន្តផលិតរថយន្តម៉ាស៊ូត និងរថយន្តសាំងសម្រាប់ទីផ្សាររថយន្តធំៗដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និងអូស្ត្រាលីជាដើម ដោយបន្តលើសពីឆ្នាំ២០៣៣។

ចាប់ពីឆ្នាំ២០២៦តទៅ Volkswagen Group នឹងបង្ហាញចេញនូវគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មីរបស់ខ្លួនឈ្មោះថា Scalable Systems Platform (SSP) ដែលអាចឲ្យក្រុមហ៊ុនផលិតរថយន្តច្រើនប្រភេទនៃម៉ូដែលនីមួយៗជាមួយគ្រឿងបន្លាស់ស្រដៀងគ្នា ដែលអាចកាត់បន្ថយតម្លៃផលិត និងតម្លៃអភិវឌ្ឍន៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម