ឡានអគ្គិសនីថ្មីទើបលក់នៅឥណ្ឌា តម្លៃតែជាង ២ ម៉ឺនដុល្លារ

Tata Motors បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី Nexon EV ជា​ប្រភេទ​រថយន្ត SUV ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២១ ០០០ ដុល្លារ ទៅ ២៣ ៨០០ ដុល្លារ ជា​តម្លៃ​លក់​នៅ​ឥណ្ឌា។

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា Ziptron ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន។ វា​បាន​ថាមពល​ពី​​ម៉ូទ័រ​អគ្គិសនី​ចំនួន ១ ដែល​បង្កើត​កម្លាំង​បាន ១២៩ សេះ, អាគុយ​អាច​ផ្ទុក​ថាមពល​បាន ៣០,២ គីឡូវ៉ាត់​ម៉ោង។ ចំណាយ​ពេល ៩,៩ វិនាទី វា​អាច​បង្កើន​សន្ទុះ​បាន​ពី ០-១០០ គ.ម/ម៉ ហើយ​សាក​ពេញ​អាច​ជិះ​បាន​ ៣០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​ Ziptron គឺ​អាច​ធ្វើ​ការ​សាក​បញ្ចូល​បាន​ថ្ម​លឿន ដែល​ Tata អះអាង​ថា​ចំណាយ​ពេល​តែ ៦០ នាទី អាច​សាក​ពី ០ ដល់ ៨០% ដោយ​ប្រើ​ប្រាស់​នូវ​ឌុយ IEC 62196 Type 2។ ចំពោះ​ការ​សាក​ថ្ម​តាម​ឌុយ ១៥អំពែ ធម្មតា​វិញ សាក​មួយ​ម៉ោង បាន ១០% ប៉ុណ្ណោះ។

រថយន្ត​នេះ​បាន​ចាប់​ផ្ដើម​ទទួល​ការ​កក់​ពី​ពេល​នេះ ដោយ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ ២០២០។ រថយន្ត​ទាំង​អស់​មាន​ការ​ធានា​ ៨ ឆ្នាំ ឬ ១៦ ម៉ឺន​គីឡូម៉ែត្រ សម្រាប់​អាគុយ និង​ម៉ូទ័រ​អគ្គិសនី​របស់​វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម