ឡានអគ្គិសនី Mazda MX-30 មានម៉ាស៊ីនសាំងជំនួយ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រោយពីរង់ចាំអស់ជាច្រើនឆ្នាំ និងការចេញដំណឹងចចាមអារ៉ាមជាបន្តបន្ទាប់ ពេលនេះ Mazda បានបញ្ជាក់ពីវត្តមានរថយន្ត MX-30 R-EV ដែលប្រើម៉ាស៊ីនសាំង Wankel ដើរតួជាអ្នកបន្ថែមចម្ងាយបើកបរ ដោយនឹងបង្ហាញខ្លួននៅកម្មវិធី Brussels Motor Show នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ម៉ាស៊ីនសាំង Wankel នេះប្រតិបត្តិការក្នុងល្បឿនមួយដែលដើរតួជាអ្នកផ្ដល់ចម្ងាយបើកបរបន្ថែមដល់អាគុយរថយន្ត តាមរយៈការសាកថាមពលដល់អាគុយរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចខ្សោយរបស់ MX-30 EV គឺរយៈចម្ងាយបើកបរ ដោយអាគុយចំណុះ ៣៥,៥kWh របស់វា អាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ១៦១គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយវាប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១៤៤សេះ ខណៈទំហំម៉ាស៊ីន Wankel នៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ។

រំលឹកថាកាលពីឆ្នាំ២០២០ Mazda និយាយថារថយន្ត MX-30 ដែលប្រើម៉ាស៊ីនសាំងជាជំនួយគឺស្ថិតក្រោមការពិចារណា ដោយក្រោយមកក្រុមហ៊ុនក៏បានធ្វើឲ្យវាក្លាយជាគម្រោងការផ្លូវការនៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម